ភ្នំពេញ៖ ក្រោយពីប្រកាសបើកសម្ពោធចាក់បញ្ចាំងជាផ្លូវការនៃខ្សែភាពយន្តខ្មែររឿង”ចន្ទ្រា”នៅប្រទេសថៃខ្សែភាពយន្តនេះនឹងចាប់ផ្តើមចាក់បញ្ចាំងនៅរោងកុន ទំនើប”នៅកម្ពុជាចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០១៦នេះ។ ផលិតករខ្សែភាពយន្តខ្នាតធំមួយនេះរំពឹងថា ប្រាក់ចំណូលដែលបានពីការលក់សំបុត្រនៅក្នុងស្រុកអាចមានរហូតដល់៣០ម៉ឺនដុល្លារដោយមិនគិតពីការដាក់បញ្ចាំងនៅ៥ប្រទេសផ្សេងទៀត។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសាព័ត៌មានមួយកាលពីល្ងាចថ្ងៃទី៧ ខែកញ្ញានេះនៅរោងភាពយន្ត Major Cineplex ក្រោមវត្តមានសិល្បករផលិត ករជាច្រើនរូបចូលរួម។
លោក ប៉ុល វិបូ ហៅ នីត អគ្គនាយក ផលិតកម្មអង្គរភីកឈ័របានបញ្ជាក់ថារឿង”ចន្ទ្រា” គឺជាស្នាដៃទី២របស់ផលិតកម្ម បន្ទាប់ពីខ្សែភាពយន្តដ៏ល្បីរឿង”ស្បែកគង់”។ លោកបញ្ជាក់ថា រឿងថ្មីនេះបានប្រើរយៈពេលជិតមួយឆ្នាំក្នុងការផលិត និងជាការផលិតដោយយកចិត្តទុកដាក់ទាំង បច្ចេកទេសការជ្រើសរើសតួសម្តែងសាច់ រឿង និងទីតាំងថត។ រឿងនេះប្រើកាំមេរ៉ា ទំហំ ៤,៥ ខេ និងសម្លេង Surround Sound 7.1 ចូលរួមសម្តែងដោយតារាភាពយន្តល្បីៗ៤ជំនាន់។ លោកថាភាពយន្តនេះបាន ចំណាយទុនជាង៣០ម៉ឺនដុល្លារ ខណៈ ប្រទេសថៃទទួលស្គាល់គុណភាពគុណ ខ្មែរ ហើយដោយនឹងចេញទៅចាក់បញ្ចាំងនៅក្នុងប្រទេសអូស្ត្រាលី ប្រទេសឡាវ និងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី។
លោក លើកឡើងដែរថា កន្លងមកខ្សែភាពយន្តខ្មែរដែលទទួលបានការគាំទ្រច្រើនអាចរកប្រាក់ចំណូលបានប្រមាណ៣០ម៉ឺនដុល្លារអាមេ រិកពីការចាក់បញ្ចាំងដែលវាអាចទូទាត់ជាមួយការចំណាយបាន ហើយលោកក៏រំពឹងទទួលបានប្រាក់ចំណេញពីការចាក់បញ្ចាំងនៅរោងភាពយន្តនៅបរទេស។
លោកថាទោះមិនចំណេញច្រើនសម្រាប់ថ្ងៃនេះប៉ុន្តែផលិតកម្មអាចនឹងចំណេញនៅថ្ងៃអនាគតដែលយ៉ាងហោចណាស់ក៏ផលិតកម្មលោកអាចជំរុញឲ្យខ្សែភាពយន្តខ្មែរត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តនៅក្រៅប្រទេសបាន។ លោក នីត បានបន្ថែមថា គួរឱ្យមោទនភាពណាស់ដែលខ្សែភាពយន្តដ៏ល្អ ប្រណីតរបស់កម្ពុជាមួយនេះត្រូវបានចែកចាយដោយភាពយន្តបរទេសទិញដើម្បីយកចាក់បញ្ចាំងនៅរោងភាពយន្ត អូស្រ្តាលី និង អាមេរិក។ ខ្សែភាពយន្តខ្នាតធំមួយនេះនឹងចាក់បញ្ចាំងនៅតាមគ្រប់រោងកុន ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ទាំង ភ្នំពេញនិងសៀមរាប។
តារាសម្តែងក្នុងខ្សែភាពយន្តនេះមាន ដូចជា កញ្ញាម៉ាក សែនសូនីតា, អ្នកនាង ចន ច័ន្ទលក្ខិណា, លោក ញ៉ែម សុគន្ធ, លោក ទេព រិន្ទដារ៉ូ, នាយក្រូច, អ្នកអង្គ ម្ចាស់ស៊ីសុវត្ថិ សិរីវុឌ្ឍ និងតារាសម្តែងតារាកំប្លែងជាច្រើនរូបទៀត។ សិល្បករដែល បានចូលរួមសម្តែងក្នុងខ្សែភាពយន្តនេះបាន បង្ហាញពីមោទនភាពចំពោះខ្សែភាពយន្តដែលមានគុណភាពស្តង់ដានិងមានឱកាសចេញទៅចាក់បញ្ចាំងនៅរោងភាពយន្តបរទេសបាន។ ពួកគេរំពឹងដែរថា ខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនលើស លប់ពីសំណាក់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាននៅពេលចាក់បញ្ចាំងជាផ្លូវការ។
គួរបញ្ជាក់ដែរថា រឿង”ចន្ទ្រា”គឺជា ដំណើរផ្សងព្រេងដ៏សែនចម្លែករបស់នាងចន្រ្ទា ដើម្បីរួចផុតពីបណ្តាសារបស់មេធ្មប់។ ពេលចន្ទ្រាមានអាយុ១៨ឆ្នាំនាងត្រូវមេធ្មប់សម្លាប់បណ្តែតទឹក ហើយដាក់បណ្តាសានាងមិនឱ្យចាប់ជាតិបានជារៀងរហូត លើកលែងមានបុរសបរិសុទ្ធថើបខ្មោចនាងដោយចិត្តស្មោះ។ មេធ្មប់បានចង់ព្រលឹងនាង ចន្រ្ទានឹងដែកគោល ហើយបានដំបង្កប់នៅក្នុងក្តារដើម្បីកុំឱ្យព្រលឹងនាងហោះទៅរកជំនួយបាន។ ក្តារនោះអណ្តែតតាមទឹក អស់រយៈពេល២០ឆ្នាំរហូតដល់ថ្ងៃមួយ យុវជន៤នាក់បានស្រង់ក្តារនោះឡើង ហើយយុវជនម្នាក់បានដកដែកគោលនោះចេញដោចៃដន្យ។ ចន្ទ្រាចេញមកហើយនាងនៅក្មេងហើយស្អាតណាស់តែនាងជាខ្មោចដដែល៕ វឌ្ឍនា