ភ្នំពេញ៖ បុរសម្នាក់ខណៈកំពុងជិះកង់ស្រាប់តែត្រូវរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនឬទិ្ឋមុនីបុកស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសរងគ្រោះជិះកង់ពាក់មួកការពារសុវត្ថិភាព ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តដឹកអ្នកដំណើរ១គ្រឿងរេចង្កូតមក បុកពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។
អ្នកឃើញហេតុការណ៍បានបន្តថា បន្ទាប់ពីបុករួចរថយន្តក្រុមហ៊ុមឬទិ្ឋមុនីដឹកអ្នកដំណើរបានបើកចេញពីកន្លែងកើតហេតុបន្តិចក៏ឈប់ រួចចុះពីលើរថយន្តគេចខ្លួនបាត់បន្សល់តែតែភ្ងៀវដែលកំពុងជិះលើរថយន្ត។
ពេលពួកគាត់ចុះពីលើរថយន្តមកទើបបានដឹងថាអ្នកបើករថយន្តបានបុកបុរសម្នាក់ជិះកង់តាមផ្លូវបណ្ដាលឱ្យរងរបួសធ្ងន់ រួចអ្នកបើករថយន្តបានគេចខ្លួនបាត់។ ចំពោះជនរងគ្រោះភ្លាមៗនោះបានបញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់និងទាក់ទងទៅជំនាញចរាចរណ៍រាជធានីអោយចុះមកវាស់វែងយកកង់និងរថយន្តក្រុងទៅរក្សាទុករង់ចាំអនុវត្តតាមនីតិវិធីច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ