ព័ត៌មានទាន់ហេតុការណ៍៖

សុំលុយម្ដាយ១០មុឺនមិនបានគំរាមកំហែងសម្លាប់ម្ដាយ

ចែករំលែក៖

ខេត្តកណ្ដាល៖ កូនតិរច្ឆាន សុំលុយម្ដាយ១០ម៉ឺនដើម្បីយកទៅលួសទូរស័ព្ទ ម្ដាយថាគ្មាន កើតចិត្តខឹង យកកាំបិតផ្គាក់គំរាមសម្លាប់ម្ដាយ និងវាយខ្ទេចខ្ទីទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួន ។

ហេតុការណ៍នេះ បានកើតឡើងនៅ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៧ និង០០នាទី នៅចំណុចភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

     មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លឹម មួយគាង ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅ ភូមិ ពាមប្រជុំ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាម្តាយបង្កើត) ។ ជនសង្ស័យឈ្មោះ លី គឹមស្រ៊ាង ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ ពាមប្រជុំ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវជាកូនបង្កើត(ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន០១លេីកពីបទ:ធ្វើឱ្យខូចខាតដោយចេតនានិងប្រើប្រាស់គ្រឿងញៀនរយៈពេល ១៨ ខែ។ ធ្លាប់ត្រូវបានក្រុមគ្រួសារយកទៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀនចំនួន ០២ លេីក។ វត្ថុតាងដកហូតបាន កាំបិតផ្គាក់ចំនួន០១ដេីមផ្លែដែកដងឬស្សី។

     ប្រភពដដែលបន្តថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៧និង០០នាទីជនរងគ្រោះបានមកពីលក់ដូរវិញហេីយបានមកផ្ទះ ជនសង្ស័យបានសុំលុយជនរងគ្រោះ ១០មុឺនរៀល ដេីម្បីទៅលួសទូរស័ព្ទដែលខ្លួនបានបញ្ចាំខណៈពេលនោះជនរងគ្រោះបានឆ្លេីយប្រាប់ជនសង្ស័យថា អត់មានលុយទេហេីយជនសង្ស័យក៏បានខឹងបានស្រែកគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះនិងបានយកកាំបិតផ្គាក់កាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបណ្តាលឲ្យខូចខាតអស់មួយចំនួន។

លុះនៅថ្ងៃទី ០២  ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ០៩ និង ៣០ នាទី ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

    បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖