ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតឈានមកដល់ មន្ត្រីការិយាល័យសេនានុព័ន្ធថៃប្រចាំនៅកម្ពុជា ដឹកនាំដោយលោក វរសេនីយ៍ឯក កនវរានន្ទ ក្លាន់ព្រំសុវណ្ណ បានចូលជួបសម្តែងការគួរសម និងគោរពជូនពរនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។
លោក វរសេនីយ៍ឯក កនវរានន្ទ ក្លាន់ព្រំសុវណ្ណ ក្នុងនាម មេបញ្ជាការកងទ័ពជើងគោក កងទ័ពភូមិន្ទថៃ បានគោរពជូនពរ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ព្រមទាំងសហការី និងក្រុមគ្រួសារ សូមជួបតែសេចក្តីសុខចម្រើន សុភមង្គល វិបុលសុខគ្រប់ប្រការ និងសម្រេចជោគជ័យគ្រប់ភារកិច្ចនៅក្នុងឆ្នាំថ្មី ឆ្នាំ២០២៥។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានសម្តែងនូវការសោកស្តាយចំពោះគ្រោះរញ្ជួយដី ដែលបានកើតឡើងនៅទីក្រុងបាងកក ដែលបានកើតឡើងកាលពីសប្តាហ៍កន្លងទៅ។
នាយឧត្តមសេនីយ៍ក៏បានអរគុណចំពោះសេនានុព័ន្ធថៃ ដែលបានមកជូនពរឆ្នាំថ្មីនាឱកាសនេះ ដែលបង្ហាញពីមនោសញ្ចេតនា ស្រឡាញ់រាប់អានគ្នា និងពង្រឹងនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ក្នុងភាពជាអ្នកជិតខាងល្អ៕
ដោយ៖ សូរិយា