ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ សមត្ថកិច្ចបានចាប់ខ្លួនអ្នកគ្រប់គ្រងផលិតកម្មភាពយន្ត Long Production ឈ្មោះ ពេជ្រ ច័ន្ទបូរី ភេទប្រុស អាយុ៣៣ឆ្នាំ រួចបញ្ចូនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញ ពាក់ព័ន្ធនឹង បទរំលោភលើទំនុកចិត្ត ទឹកប្រាក់ចំនួន ៣៩០០០ដុល្លារអាមេរិក ។
សមត្ថកិច្ចឲ្យដឹងការចាប់ខ្លួនអ្នកគ្រប់គ្រងផលិតកម្មរូបនេះមាន ធ្វើឡើងដោយការិយាល័យអនុវត្តដីកា នៃនាយកដ្ឋានគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃតាមបណ្តឹងរបស់ឈ្មោះ ស៊ឹម ស៊ូឡង ភេទប្រុស អាយុ៣៥ឆ្នាំ ជាថៅកែផលិតកម្ម Long Production ភាពយន្ត ។
សមត្ថកិច្ចឲ្យដឹងទៀតថា កន្លងមកលោកស៊ឹម ស៊ូឡង ជាថៅកែផលិតកម្មបានឲ្យឈ្មោះពេជ្រ ច័ន្ទបូរី ធ្វើជាអ្នកគ្រប់គ្រងផលិតកម្ម ហើយថៅកែរូបនេះបានឲ្យឈ្មោះ ពេជ្រ ច័ន្ទបូរី ទៅទិញសម្ភារៈបំពាក់ស្ទូឌីយោដើម្បីថតខ្សែភាពយន្តជាប្រភេទលេខ១ តែបែរជាទៅទិញសម្ភារៈលេខ២ទៅវិញ ។ លុះពេលដែលទៅទិញយកមកបំពាក់បានហើយថៅកែផលិតកម្មបានត្រួតពិនិត្យសម្ភារៈបរិក្ខាទាំងអស់នោះ ទើបដឹងថា ជាសម្ភារ: និងឧបរិក្ខាប្រភេទលេខ២ ក៏បានហៅឈ្មោះ ពេជ្រ ច័ន្ទបូរី សួររួចហើយឲ្យឈ្មោះ ពេជ្រ ច័ន្ទបូរី យកសម្ភារៈ និងឧបករណ៍ទាំងនោះទៅដូរយកលេខ១វិញ ។
សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់មកឈ្មោះ ពេជ្រ ច័ន្ទបូរី បានដោះសម្ភារៈ និងឧបករណ៍ទាំងអស់នោះយកទៅ តែមិនបានយកទៅដូរទេ គឺយកទៅលក់បាត់តែម្តងនិងចេះតែដោះសារអីចេះអីចុះមិនចេះចប់ ទើបថៅកែខឹងប្តឹងទៅសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃឲ្យចាត់ការតាមច្បាប់តែម្តងទៅ។ទីបំផុត ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៧ កញ្ញា ឆ្នាំ២០១៦ ពីបទរំលោភលើទំនុកចិត្ត រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៨កញ្ញាឆ្នាំ២០១៦ ៕ ប្រាថ្នា