ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយលោក Lu Wei ប្រធានក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd និងគណៈប្រតិភូអមដំណេីរ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ម្សិលមិញនេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍គណៈប្រតិភូចិន ដែលមានបំណងចង់នាំចេញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិតាមជើងយន្តហោះ និងពិនិត្យស្នេីសុំគោលការណ៍ណែនាំក្នុងវិស័យកសិកម្មកម្ពុជា។
ចំពោះការងារនេះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំឱ្យគណៈប្រតិភូចិន បង្កើនការផ្សព្វផ្សាយនិងស្វែងរកទីផ្សារសម្រាប់កសិផលកម្ពុជាជាមុន ដោយផ្ដោតសំខាន់លើផលិតផលប្រណីត មានគុណភាពល្អ អាចលក់ចេញក្នុងតម្លៃខ្ពស់ ដើម្បីផ្ដល់ផលចំណេញដល់កសិករ និងក្រុមហ៊ុន។ សម្រាប់លោករដ្ឋមន្ត្រី ភស្តុភារកម្មក៏ជារឿងមួយសំខាន់ផងដែរ ដែលត្រូវគិតគូរ បង្កើតកន្លែងប្រមូលផ្តុំមួយដែលមានស្តង់ដាអន្តរជាតិ និងអាចនាំចេញទៅក្រៅប្រទេស។
បេីតាមលោករដ្ឋមន្ត្រី កម្ពុជានឹងជួយគាំទ្រការរៀបចំស្តង់ដា និងលក្ខណៈពិសេសនៃកសិផលកម្ពុជាសម្រាប់ការនាំចេញ។ ម្យ៉ាងវិញទៀត ភាគីចិនត្រូវសហការជាមួយក្រសួងកសិកម្ម ដើម្បីសិក្សារួមគ្នាពីកសិផលដែលអាចនាំចេញបានតាមជេីងយន្តហោះ មានតម្លៃខ្ពស់ និងទទួលបានផលចំនេញទាំងអស់គ្នា៕
ដោយ៖តារា