ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ បានបើកសវនាការកាត់ទោសលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិក្រោមការចោទ ប្រកាន់ពីបទ “បដិសេធក្នុងការចូលខ្លួន” ដែលតុលាការចាត់ទុកថា ជាបទល្មើស ព្រហ្មទណ្ឌជាក់ស្តែង ។
សវនាការនេះដឹកនាំដោយលោក កែវ មុនី ជាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ ។
នាពេលសវនាការទាំងលោក កឹម សុខា និង ក្រុមមេធាវី ពុំបានបង្ហាញវត្តមានឡើយ។ ប៉ុន្តែតុលាការនៅតែបន្តសវនាការដោយយល់ឃើញថា នេះជាបទល្មើសមជ្ឈិម ហើយតុលាការបានជូនដំណឹងដល់លោក កឹម សុខា ក៏ដូចជាមេធាវីរួចរាល់ហើយតែ ពួកគេមិនចូលមកដោយខ្លួនឯង ។
ពាក់ព័ន្ធករណីនេះលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ថា ក្រោយបញ្ចប់សវនា ការលោកចៅក្រម កែវ មុនី បានសម្រេច ប្រកាសសាលក្រមនៅរសៀលថ្ងៃទី៩ ខែ កញ្ញាដោយផ្តន្ទាទោសជនជាប់ចោទ កឹម សុខា ៥ខែនិងពិន័យជាប្រាក់៨សែនរៀល។
ស្របពេលដែលតុលាការកំពុងដំណើរការកាត់ទោសលោក កឹម សុខា នោះ ក្រុមអ្នកគាំទ្ររបស់លោកប្រមាណជាង៥០នាក់ បានប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីទាមទារឲ្យមានការទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា ។ ប៉ុន្តែសមត្ថកិច្ចចម្រុះ ជាច្រើននាក់បានមករៀបចំសណ្តាប់ធ្នាប់មុខតុលាការដើម្បីកុំឲ្យប៉ះពាល់ដល់នីតិវិធី របស់តុលាការ ។
សមត្ថកិច្ចបញ្ជាក់ថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាបន្ទាប់ពីបុរសរូបនេះបានបង្កអសន្តិសុខនៅមុខតុលាការ ដោយស្រែកឡូឡា និងលើកបដាជាដើម។
លោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ និងជាតំណាងរាស្ត្រមណ្ឌល កំពង់ចាមជាប់ចោទពីបទ”បដិសេធក្នុងការចូលខ្លួន” តាមមាត្រា៥៣៨នៃក្រមព្រហ្ម ទណ្ឌដែលតុលាការចាត់ទុកថា ជាបទល្មើស ព្រហ្មទណ្ឌជាក់ស្ដែង ព្រោះកន្លងមកលោក កឹម សុខា ខកខានពីរលើកក្នុងការចូលបំភ្លឺតុលាការក្នុងនាមសាក្សីករណីសញ្ចារកម្មដែលមាននាង ខុម ចាន់តារាទី ហៅស្រីមុំ ជាជនរងគ្រោះ ។
ភ្លាមៗបន្ទាប់ពីមានការប្រកាសសាលក្រមផ្តន្ទាទោសចំពោះលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដោយបានដាក់ទោសរយៈពេល៥ខែនិងពិន័យជាប្រាក់៨សែនរៀលនៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងតាមរយៈលិខិតចំហមួយថា «នៅថ្ងៃនេះការអនុវត្តនីតិវិធីរបស់តុលាការទទួលបានជោគជ័យជាមួយនឹងភាពរលូនប្រសិទ្ធភាពចំពោះការវិនិច្ឆ័យលើករណីលោក កឹម សុខា ដែលលោកបានបោះបង់សិទ្ធិ ដោយស័្មគ្រចិត្ត និងបំពានចំពោះច្បាប់ដែល ជាកាតព្វកិច្ចរាល់ជនគ្រប់រូប»។
លិខិតចំហរបស់លោក ផៃ ស៊ីផាន មានខ្លឹមសារថា៖
នៅថ្ងៃនេះការអនុវត្តនីតិវិធីរបស់តុលាការទទួលបានជោគជ័យជាមួយនឹងភាព រលូនប្រសិទ្ធភាពចំពោះការវិនិច្ឆ័យលើក រណីរបស់ឯកឧត្តម កឹម សុខា ដែលលោក បានបោះបង់សិទ្ធិដោយស័្មគ្រចិត្តនិងបំពានចំពោះច្បាប់ដែលជាកាតព្វកិច្ចរាល់ជន គ្រប់រូបនោះមិនថាពូជពណ៌ឋានៈនៅក្នុងសង្គមនោះឡើយ ។
ដំណើរការអនុវត្តនេះគឺជាសសរស្ដម្ភ មួយនៃកិច្ចពង្រឹងបន្ថែម និងបន្តការអភិវឌ្ឍសង្គមប្រជាធិបតេយ្យប្រកបដោយស្ថិរ ភាព និងនីតិរដ្ឋជាមូលដ្ឋាន (ប្រជាធិប តេយ្យ ស្ថិរភាព)។
ករណីរបស់ឯកឧត្តម កឹម សុខា គឺជា រឿងឯកជនផ្ទាល់ ហើយមិនសហការជា មួយនឹងតុលាការដែលជាស្ថាប័នឯករាជ្យ មិនស្ថិតនៅក្រោមឥទ្ធិពលនៃការដាក់ សម្ពាធឬជ្រៀតជ្រែកជាមួយនឹងដំណើរការនីតិវិធីដែលច្បាប់បានការពារភាពឯករាជ្យ និងប្រសិទ្ធភាពរបស់តុលាការ ។
ខ្ញុំសូមថ្លែងនូវការសោកស្តាយចំពោះ អំពើឯកជនផ្ទាល់សុទ្ធសាធរបស់ឯកឧត្តម កឹម សុខា ដែលលោកប្រឆាំងនឹងស្ថាប័ន តុលាការក៏ដូចជាច្បាប់ជាតិហើយបាននិងកំពុងបំភ្លៃករណីផ្ទាល់ខ្លួនឲ្យក្លាយទៅជារឿងនយោបាយ និងយកគណបក្សសង្រ្គោះជាតិព្រមជាមួយនឹងអ្នកគាំទ្រស្លូតត្រង់ជា ចំណាប់ខ្មាំង និងក្លាយទៅជាឈ្នាន់ដើម្បីការពាររឿងអាស្រូវរបស់ខ្លួនផ្ទាល់ ដោយ ប្រឌិត និងបំភ្លៃអំពាវនាវប្រជាពលរដ្ឋទាំងនោះក្នុងរូបភាពជាសាក្សី ប៉ុន្តែការពិតនោះ គឺយកជារនាំងការពារផលប្រយោជន៍បុគ្គល ខ្លួនផ្ទាល់ជាមួយនឹងការប្រឆាំងនៃដំណើរការកាត់ក្តីរបស់តុលាការនេះ។ ច្បាប់ជា ផលប្រយោជន៍និងជាឆន្ទៈរបស់មហាជន រួមទាំងធរមាន និងសុពលភាពតម្រូវឲ្យ គោរពជាដាច់ខាត។ ការកៀរគរបង្កើត ចលនាមហាជនប្រឆាំងនឹងច្បាប់ប្រឆាំង តុលាការគឺមិនមែនស្ថិតនៅក្នុងសង្គម ប្រជាធិបតេយ្យ និងនីតិរដ្ឋនោះទេ នេះគឺជា ចលនាឧទ្ទាមកម្មសុទ្ធសាធប្រឆាំង និង បំផ្លាញ ឬជាឧបសគ្គក្នុងការអភិវឌ្ឍ និង ដំណើរការប្រជាធិបតេយ្យកម្ពុជា ។
ខ្ញុំសូមឆ្លៀតឱកាសនេះសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅគោរពចំពោះមហាជន ដែលបានចូលរួមចំណែករក្សាភាពស្ងៀមស្ងាត់និងសណ្តាប់ធ្នាប់ នៅក្នុងព្រឹត្តិការណ៍ នេះហើយក៏សូមគោរពព្រមជាមួយនឹង អំណរគុណជូនចំពោះរាល់សមត្ថកិច្ចដែលលោកពាក់ព័ន្ធក្នុងកិច្ចថែរក្សានៃដំណើរ ការរបស់តុលាការក៏ដូចជាសណ្តាប់ធ្នាប់សាធារណៈនៅពេលនេះផងដែរ ។
ខ្ញុំសូមអំពាវនាវដល់រាល់ភាគីពាក់ព័ន្ធ មេត្តាសហការជាមួយនឹងដែនសមត្ថកិច្ច ដើម្បីរក្សាការពារនូវលទិ្ធប្រជាធិបតេយ្យស្ថិរភាព និងនីតិរដ្ឋដែលកំពុងដំណើរការ រស់រវើកក្នុងបច្ចុប្បន្ននេះ ៕ ចេស្តា