ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលរងស្រុកកែវសីមា ខឹងសុំប្រេងម្ចាស់ឈើ១ប៊ីដុងមិនបានបញ្ជាជំនាញចាប់តែម្តង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ កម្លាំងសមត្ថកិច្ចចម្រុះស្រុកកែវសីមាបានបើកប្រតិបត្តិការចុះរឹបអូសទីតាំងស្តុកឈើប្រណីតមួយកន្លែងនៅភូមិអូររាម ឃុំស្រែក្ទម្ព(ខ្ទុម) ស្រុកកែវសីមា កាលពីវេលាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ដោយប្រមូលបានឈើប្រភេទបេង និងធ្នង់ចំនួន៦០កំណាត់ ព្រោះតែកំហឹងសុំប្រេង១ប៊ីដុងមិនបាន ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលចាប់បង្ក្រាបទីតាំងស្តុកឈើខាងលើ គេបានឃើញលោកអភិបាលរងស្រុកកែវ សីមាឈ្មោះយិន សុឡេង ហៅភី បានជិះ រថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រតាមផ្លូវច្រកចូលសាលាស្រុកចាស់ចំណុចផ្ទះដែលមានលាក់ឈើប្រណីត។ បន្តិចក្រោយមកគេក៏បានឃើញកម្លាំងចម្រុះដែលដឹកនាំដោយលោក ជុយ សុឃាង នាយផ្នែករដ្ឋ បាលព្រៃឈើកែវសីមាទៅដល់និងបញ្ជា ឲ្យចាប់បង្ក្រាបភ្លាមៗតែម្តង។

ប្រភពពីក្រុមអ្នកដឹកឈើតាមម៉ូតូបានឲ្យដឹងថា សព្វថ្ងៃនេះការរកស៊ីដឹកឈើ របស់ពួកគាត់មិនសូវជាបានចំណេញប៉ុន្មាន ទេ ព្រោះបង់លុយទៅគ្រប់ស្ថាប័នជំនាញ ក្នុងនោះមានមេព្រៃ នគរបាល ទាហាន មន្ត្រី សាលាស្រុក។

ចំណែកបុរសម្នាក់ឈ្មោះ ក្តាម ជាម្ចាស់ផ្ទះដែលត្រូវជំនាញចុះចាប់បង្ក្រាបឈើ បាននិយាយថា គាត់បានបង់លុយឲ្យទៅសមត្ថកិច្ចអស់ហើយក្នុងមួយខែៗមិនតិចជាង២ទៅ៣លានរៀលទេ។ បុរសដដែល បានបន្តថា នៅពេលលោកអភិបាលរងស្រុកប្រទះឃើញគំនរឈើក្នុងផ្ទះរបស់គាត់ លោកអភិបាលរងស្រុកក៏បាននិយាយ សម្រួលជាមួយខ្លួន(ក្តាម)ថា ឲ្យសាំងមួយ កានមកបើមិនអ៊ីចឹងទេនឹងហៅគេមកចាប់មិនខាន ។

ម្ចាស់ឈើឈ្មោះក្តាមបានបន្តថា ក្រោយ ពីនិយាយសម្រួលគ្នាមិនត្រូវលោកយិន សុឡេង អភិបាលរងស្រុកកែវសីមាក៏បានបើករថយន្តចេញទៅបាត់ហើយប្រហែល១៥នាទីក្រោយមកស្រាប់តែឃើញមានមេព្រៃនិងសមត្ថកិច្ចផ្សេងៗទៀតជាច្រើននាក់ ចុះទៅព័ទ្ឋផ្ទះរបសគាត់ និងបានប្រមូលឈើទាំងនោះអស់នោះទៅរក្សាទុកនៅ ផ្នែករដ្ឋបាលព្រៃឈើកែវសីមា។

បទល្មើសព្រៃឈើក្នុងស្រុកកែវសីមា ក្រុមឈ្មួញបានប្តូរពីដឹកឈើតាមរថយន្ត ទៅដឹកតាមម៉ូតូវិញដោយក្នុងមួយថ្ងៃមានម៉ូតូ ដឹកឈើចេញពីតំបន់ដែនជម្រកសត្វព្រៃ កែវសីមាមិនតិចជាង៤០ទៅ៦០គ្រឿង ទេយកទៅស្តុកនៅតាមផ្ទះប្រជាពលរដ្ឋ ។

ពលរដ្ឋបានរិះគន់ចំពោះលោកអភិបាលរងស្រុកកែវសីមាឈ្មោះ យិន សុឡេង ដែលធ្វើបាបប្រជាពលរដ្ឋតូចតាច ដោយ ទារលុយតាមតែចិត្តនឹកឃើញទោះពួក គាត់បានសុំអង្វរថា មិនទាន់មានចាំថ្ងៃ ក្រោយចាំឲ្យក៏ដោយតែបែរជាទៅប្តឹងជំនាញមកចាប់ឈើស្អុយៗលក់មិនចេញអស់ រលីង ខណៈពួកគាត់មួយចំនួនបានពឹងផ្អែកលើរបរដឹកឈើតាមម៉ូតូបន្តិចបន្តួចដើម្បី ចិញ្ចឹមឆ្នាំងតែប៉ុណ្ណោះ ៕ ហេង នរិន្ទ្រ

 

000


ចែករំលែក៖