ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋឃុំទីពោស្រុកសន្ទុកចោទក្រុមហ៊ុនចិនកាយព្រំដីរំលោភផ្លូវសាធារណៈ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋរស់នៅ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ត្អូញត្អែរ លំបាកធ្វើដំណើរទៅឃ្វាលគោ ក្របី និង ល្បាតព្រៃសហគមន៍ដោយសារក្រុម ហ ៊ុនចិន ដែលវិនិយោគដាំដើមស្វាយមួយ កន្លែងបានកាយប្រឡាយព្រំដីរបស់ខ្លួន រំលោភយកដីផ្លូវសាធារណៈ ។ ចំណែក អាជ្ញាធរឃុំបញ្ជាក់ថា ពួកគេនឹងចាត់វិធាន ការលើបញ្ហានេះ ដើម្បីឱ្យក្រុមហ៊ុនចិន នោះបើកផ្លូវសាធារណៈឡើងវិញ ។

ប្រជាពលរដ្ឋរស់នៅឃុំទីពោស្នើឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើយ៉ាងណាចាត់វិធានការលើក្រុមហ៊ុនចិនមួយឈ្មោះ ស្តារ វីនហ្វូល (Star Winfull) ដែលបានជីកប្រឡាយ ផ្ដាច់ផ្លូវធ្វើដំណើររបស់អ្នកភូមិ ។ ពួកគាត់ លើកឡើងថា ការជីកប្រឡាយផ្ដាច់ផ្លូវអ្នកភូមិធ្លាប់ធ្វើដំណើរទៅស្រែចម្ការ និងទៅមើលព្រៃសហគមន៍មួយកន្លែងឈ្មោះព្រៃត្រពាំងសណ្តាន់នោះអាចជាចេតនារំលោភយកដីផ្លូវសាធារណៈនោះតែម្ដង ។
ពលរដ្ឋនៅភូមិត្រពាំងត្រុំ ឃុំទីពោ លោក ស៊ន រិទ្ធិ ឱ្យដឹងថា ក្រុមហ៊ុនចិនមួយ នេះបានជីកប្រឡាយកាត់ផ្ដាច់ផ្លូវពលរដ្ឋជាង១ខែមកហើយ ។ លោកបន្តថា ផ្លូវ មួយនេះ គឺសម្រាប់ពលរដ្ឋជិត១០០គ្រួសារធ្វើដំណើរពីភូមិទៅកាន់ដីស្រែ និងឃ្វាល គោក្របី ព្រមទាំងសម្រាប់ប្រជាសហគមន៍ចុះល្បាតព្រៃសហគមន៍ជាដើម ។

ប្រធានព្រៃសហគមន៍ត្រពាំងសណ្ដាន់ លោក ចាន់ សំអូន មានប្រសាសន៍ថា ពលរដ្ឋជួបការលំបាកក្រោយពេលក្រុមហ៊ុនជីកប្រឡាយកាត់ផ្លូវរបស់ពួកគាត់។ លោកថា ពលរដ្ឋនឹងតវ៉ាដល់ថ្នាក់ខេត្តបន្តទៀត ប្រសិនបើអាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយបញ្ហានេះបានព្រោះថាដីព្រៃសហ គមន៍ត្រពាំងសណ្តាន់ មានទំហំជិត១០០ ហិកតា ហើយនៅរដូវវស្សាពលរដ្ឋតែងនាំគ្នាលែងគោក្របីនៅតំបន់នេះព្រោះជាទីទួលខ្ពស់ ចំណែកកន្លែងផ្សេងគឺទឹកលិចអស់ ។

តំណាងក្រុមហ៊ុនស្តារ វីនហ្វូល លោក លីវ សុធា ទទួលស្គាល់ថា ផ្លូវដែលក្រុមហ៊ុន ជីកផ្ដាច់នោះ ពិតជាផ្លូវពីដើមដែលប្រជា ពលរដ្ឋធ្លាប់ឆ្លងកាត់មែន ប៉ុន្តែខាងលោក ជីកផ្ដាច់ជាបណ្ដោះអាសន្ន ដោយរង់ចាំការដោះស្រាយជាផ្លូវការជាមួយពលរដ្ឋ និង អាជ្ញាធរជាមុនសិន ។ លោកថា កន្លងមក ពលរដ្ឋដែលមានគោក្របីតែងតែលែង ចោលមិនបានយកចិត្តទុកដាក់បណ្ដាលឱ្យ សត្វទាំងនោះចូលស៊ីដំណាំស្វាយរបស់ក្រុមហ៊ុនដែលបានដាំ២ឆ្នាំមកហើយ ។ លោក ថា ប្រសិនបើពលរដ្ឋសន្យាជាផ្លូវការដោយមានអាជ្ញាធរដឹងឮព្រមបញ្ឈប់ការលែងគោក្របីចោលទៀត ក្រុមហ៊ុននឹងដាក់លូដើម្បីឱ្យពលរដ្ឋបានធ្វើដំណើរដូចដើមវិញ ។

ក្រុមហ៊ុនចិនមួយនេះជាក្រុមហ៊ុនដែល ទទួលបានដីតាមរយៈទិញពីពលរដ្ឋ ដោយប្រើរូបភាពតំណាងពលរដ្ឋខ្មែរជាអ្នករត់ការ ។ ក្រុមហ៊ុនស្តារ វីនហ្វូលចូលវិនិយោគ នៅឃុំទីពោ កាលពីឆ្នាំ២០១១ ហើយ បច្ចុប្បន្នមានផ្ទៃដីទំហំប្រមាណ៣០០ ហិកតា កំពុងដាំស្វាយកែវរមៀត ។

មេឃុំទីពោលោក ឆាយ យូ មាន ប្រសាសន៍ថា នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនតែងតែបិទផ្លូវរបស់ពលរដ្ឋនោះ ។ លោក ថា សកម្មភាពនេះជារឿង ខុសច្បាប់ទាំងស្រុង ហើយអាជ្ញាធរនឹងចាត់វិធានការដើម្បីឱ្យភាគីក្រុមហ៊ុនបើកផ្លូវ ឡើងវិញ ៕  ហេង នរិន្ទ្រ

 

e1795005-d868-4376-86b5-a8023a00af46

 


ចែករំលែក៖