ខេត្តកំពង់ឆ្នាំង ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុង និងខេត្តកំពង់ឆ្នាំង ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កាលពីល្ងាចថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងដែលមានយីហោឈ្មោះ ( មហាគ្រួសារ ) ស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងដឹងថា ក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន៦នាក់ ពាក់ព័ន្ធ នឹងករណីចែកចាយប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ខារ៉ាអូខេ យីហោ (មហាគ្រួសារ) ចំណែក២នាក់ទៀត ពាក់ព័ន្ធ នឹងករណីរួមភេទនៅក្នុងបន្ទប់ខារ៉ាអូខេ ដែលបញ្ជូនទៅខាងការិយាល័យប្រឆាំងការជួញដូរ នៃស្នងការដ្ឋននគរបាលខេត្ត ។
ក្នុងពេលចុះឆែកឆេរនេះ សមត្ថកិច្ចបានរកឃើញ វត្ថុតាងមួយចំនួនមានថ្នាំញៀន ប្រដាប់ជក់គ្រឿងញៀន ព្រមទាំងស្រោមអនាម័យប្រើរួចថ្មីៗនិងមិនទាន់ប្រើមួយចំនួនទៀត ។
ជនសង្ស័យប្រើប្រាស់ និងចែកចាយគ្រឿងញៀនទាំង៦នាក់នោះ មានឈ្មោះ ១.ពៅ សុភ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិទី១ សង្កាត់ខ្សាម ២.ប៉ាង សុភ័ត្រា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រៃមាន់ឃុំស្រែថ្មីស្រុករលាប្អៀរ ។ ៣.ចេង ទិត្យចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។ ៤.ស៉ិន ពិសិដ្ឋ ភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅភូមិកណ្ដាលសង្កាត់កំពង់ឆ្នាំង ។ ៥.ម៉ន តុលា ភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅភូមិកណ្ដាលសង្កាត់កំពង់ឆ្នាំង ៦.ជុំ យូសែប ភេទប្រុសអាយុ២១ឆ្នាំ
មានទីលំនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ជនសង្ស័យទាំង៦នាក់នេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ។ ចំណែក២នាក់ផ្សេងទៀត ដែលនាំគ្នារួមភេទនៅក្នុងបន្ទប់ខារ៉ាអូខេ ក្រោយពីសាកសួរ សមត្ថកិច្ចបានអោយត្រឡប់ទៅផ្ទះវិញ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីរកឃើញថា ខារ៉ាអូខេយីហោគ្រួសារនេះ ជាទីតាំងដែលជនសង្ស័យនាំគ្នាមកប្រើប្រាស់និងចែកចាយគ្រឿងញៀន នៅតាមបន្ទប់ខារ៉ាអូខេ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ដែលដឹកនាំប្រតិ្តបត្តិការនេះ សម្រេចបិទទ្វាបន្ទប់ខារ៉ាអូខេចំនួន៦បន្ទប់ជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវបន្ត ។
ចំណែកឯកម្ចាស់ផ្ទះឈ្មោះ សៀង សុភ័គ្រ ត្រូវសមត្ថកិច្ចហៅទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ប៉ុន្តែម្ចាស់ផ្ទះនេះ គេចវេះមិនព្រមទៅបំភ្លឺជូនសមត្ថកិច្ចនោះទេ ។ ជានីតិវិធីបន្ត ក្នុងករណី ដែលម្ចាស់ទីតាំងមិនទៅបំភ្លឺ ជូនសមត្ថកិច្ចនោះ សមត្ថកិច្ចនិងស្នើទៅស្ថាប័នអជ្ញាការ ដើម្បីធ្វើដីការកោះហៅបន្តទៀត ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីនេះ ម្ចាស់ទីតាំងដែលកន្លែងកំសាន្ត គឺមិនបានផ្តល់កិច្ចសហការជាមួយសមត្ថកិច្ចនោះទេ មិនតែប៉ុណ្ណោះបានជេប្រមាថសមត្ថកិច្ចដោយពាក្យអសុរោះទៀតផង ៕ ចន្ថា