ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោនាយករដ្ឋមន្រ្តី ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផឹង ឈីវហ៊ (Prng Quighua ) លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ស្វយ័ត ខេត្តក្វាងស៊ី

ចែករំលែក៖

ប្រទេសចិន៖ នៅក្នុងវត្តមាននៃការអញ្ជើញដល់ទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ផឹង ឈីវហ៊ លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ស្វយ័ត ខេត្តក្វាងស៊ី។ ក្នុងជំនួបពិភាក្សាគ្នានោះឯកឧត្តមលេខា ធិការគណៈកម្មាធិការបក្សតំបន់ស្វយ័ត ខេត្តក្វាងស៊ី និងសម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរកម្ពុជា-ចិន ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងខេត្តក្វាងស៊ី។ ក្វាង សុី និងកម្ពុជាពិភាក្សាគ្នាក្នុងការជំរុញវិស័យអប់រំ និងវប្បធម៍។ ឯកឧត្តមលេខាបក្សខេត្តមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ជូនចំពោះវត្តមានដ៏ឧត្តុង្គឧត្តមបំផុត របស់សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមក្នុងពិព័រណ៌ចិន អាស៊ានលើកទី១៣ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី និងបានចាត់ទុកថាសម្តេចតេជោនាយករដ្ឋមន្រ្តី គឺជាមេដឹកនាំ អាស៊ានដ៏សកម្មម្នាក់ដែលបានអញ្ជើញមកចូលរួមពិព័រណ៌ចិន អាស៊ាន ចំនួន៩លើកជាប់ៗគ្នា ក្នុងចំណោមការរៀបចំ ពិព័រណ៌ចិន អាស៊ាន នៅទីក្រុងណាន់នីង ខេត្តក្វាងស៊ី ប្រទេសចិន។ ឯកឧត្តមក៏បានចាត់ទុកថា សម្តេចតេជោគឺជាមិត្តដ៏ល្អ មិត្តជាទីទុកចិត្តរបស់ប្រទេសនិងប្រជាជនចិន ពិសេសប្រជាពលរដ្ឋខេត្តក្វាងស៊ីប្រមាណជាង៥០លាននាក់។ឯកឧត្តម ផឹង ឈីវហ៊បានកោតសរសើរដល់កម្ពុជាដែលមានការរីកចម្រើនទៅមុខឥតឈប់ឈរ ទន្ទឹមនឹងនេះដែរលោក នឹងជំរុញអោយអ្នកវិនិយោគនៅក្វាង សុីទៅវិនិយោគនៅប្រទេសកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ពីប្រវត្តិ នៃការប្រារព្វពិព័រណ៌ចិន អាស៊ាន គឺកើតចេញពីគំនិតផ្តួចផ្ដើមរបស់ឯកឧត្តម វេន ជាប៉ាវ អតីតនាយករដ្ឋមន្រ្តីចិន និងក្នុងពេលដែលកម្ពុជាជាប្រទេសសម្របសម្រួលអាស៊ាន ចិន ជាពិសេសគោលដៅនៃពិពរណ៍ គឺដើម្បីពង្រឹងទំនាក់ទំនងរវាង ក្វាង សុី និងប្រទេសសមាជិកអាស៊ាន ។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានចាត់ទុកថា វត្តមាននៃការអញ្ជើញចូលរួមពិព័រណ៌ចិន អាស៊ាន លើកទី១៣ នៅពេលនេះ គឺស្របពេលនៃការប្រារព្វខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនារវាងចិន អាស៊ាន។ តាមរយៈកិច្ចពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ស្នើដល់ថ្នាក់ដឹកនាំខេត្តក្វាង ស៊ី បន្តជំរុញអ្នកវិនិយោគពីខេត្តក្វាងស៊ីទៅបណ្តាក់ទុនវិនិយោគ ក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានចំនួនច្រើនឡើង ថែមទៀត ពិសេសខិតខំធ្វើយ៉ាងណាជំរុញកំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងខេត្តក្វាងស៊ី ឲ្យកាន់តែ មានទំហំធំឡើងថែមទៀត។ នៅលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តក្វាងស៊ី កម្ពុជាបានបង្កើតស្ថានអគ្គកុងស៊ុលនៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០០៥ និងរហូតដល់ពេនេះទំហំវិនិយោគរវាងកម្ពុជា និងខេត្តក្វាង សុី កើនឡើងដល់៥៨លានដុល្លា។

ក្រោយពីជំនួបពិភាក្សារវាងសម្តេចតេជោនាយករដ្ឋមន្រ្តី និង ឯកឧត្តម ផឹង ឈីវហ៊ (Prng Quighua ) រួចមក ឯកឧត្តម ផឹង ឈីវហ៊ (Prng Quighua )ក៍បានរៀបចំពិធី លៀងសាយភោជន៍ជូនដល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជាដោយក្ដីស្និទ្ធស្នាលបំផុត៕

 

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1095056660542830/” width=”600″ height=”400″ onlyvideo=”1″]

2

1

3


ចែករំលែក៖