ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បង្ហោះថា ៖ ពិតជាគួរឲ្យអាណិតនិងស្រឡាញ់ចៅណាស់តែក៏ចង់ដឹងពីរឿងចាត់ចែងរបស់ឪពុកម្តាយផងដែរ។
ពេលនេះខ្ញុំកំពុងស្វែងរកចៅស្រីដែលគួរឲ្យស្រឡាញ់នេះសូមមេត្តាជួយប្រាប់ផង ។
នៅទីបំផុត ! នៅព្រលប់ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះថា ៖
ខ្ញុំសូមអរគុណចំពោះបងប្អូនក៏ដូចជាជំនួយការខ្ញុំដែលបានរកឃើញកុមារីស៊ុន ស្រីតីអាយុ៤ឆ្នាំ។
សម្តេចបន្តថា ៖ ខ្ញុំនឹងទទួលឪពុកម្តាយនិងកូនៗទាំងអស់នៅព្រឹកថ្ងៃអាទិត្យទី២៧មេសា ឆ្នាំ២០២៥នៅផ្ទះរបស់ខ្ញុំ។
ពេលនោះខ្ញុំនឹងពិភាក្សាអំពីការរៀបចំគ្រួសារមួយនេះដែលមានទាំងចៅស៊ុនស្រីតីគួរឲ្យអាណិតស្រឡាញ់ផងដែរ។
ខ្ញុំសូមអរគុណចំពោះបងប្អូនដែលចូលមកខមិន(comment)លើកពីសិទ្ធកុមារតែខ្ញុំសូមអង្វរករសូមកុំទៅលឿនហួសពីសិទ្ធរស់រានមានជីវិតដែលវាផ្តើមចេញពីក្រពះនិងសូមកុំប្រញ៉ាប់វិនិឆ្ឆ័យមុនពេលយើងដឹងរឿងពិតដែលវាជាការវាយប្រហារលើឪពុកម្តាយចៅស្រីដ៏កំសត់នេះថែមទៀត។
ខ្ញុំនៅចាំបានថាកាលខ្ញុំនៅមានអាយុ៥ឬ៦ឆ្នាំខ្ញុំក៏ធ្លាប់ចុះទឹករកខ្យង ចាប់ត្រីចាប់ក្តាមឲ្យម៉ែស្លទទួលទានដែរនោះវាលំបាកជាងចៅលក់ផ្កាទៅទៀត។
រឿងបែបនេះមិនអាចនិយាយថាពលកម្មកុមារ សិទ្ធកុមារដោយបំភ្លេចចោលសិទ្ធមានចំណីអាហារបានទេព្រោះគ្មានជម្រើសព្រោះពុកនិងបងៗមិននៅផ្ទះម៉ែខ្លាចឈ្លើងមិនហ៊ានចុះទឹកចំណែកប្អូនស្រីៗនៅតូចៗមិនចេះហែលទឹកតម្រូវឲ្យខ្ញុំត្រូវធ្វើដើម្បីក្រពះទាំងម្តាយនិងកូន៤នាក់។
សិទ្ធរស់រានមានជីវិតត្រូវតែមានមុនគេបើស្លាប់ទៅហើយសូមកុំនិយាយពីសិទ្ធផ្សេងទៀតធ្វើអ្វី៕
ដោយ ៖ សិលា