ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ទូរស័ព្ទដៃជនជាតិចិនបានសម្រេច ហើយរត់គេចខ្លួនត្រូវសមត្ថកិច្ចចាប់បានម្នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួន ខណៈដែលពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទបុរសជនជាតិចិនម្នាក់ បានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែត្រូវស្រែកឆោឡោ និងរត់ដេញចាប់បានជនសង្ស័យម្នាក់ ចំណែកឯបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ រួមទាំងទូរស័ព្ទដៃជនរងគ្រោះទៅជាមួយផងដែរ ។

ករណីឃាត់ខ្លួនចោរឆក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់ន័រម៉េត ទីតាំងលេខ៩១អឺ0 ផ្លូវលេខ១០៨ ភូមិទី៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះសេង ឆេងហាន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកឯបក្ខពួក២នាក់ទៀតដែររត់គេចខ្លួនបាត់នោះទី១;ឈ្មោះញ៉ាញ់ ភេទប្រុស អាយុប្រហែល២៦ឆ្នាំ ;និងម្នាក់ទៀតមិនស្គាល់ឈ្មោះ អាយុប្រហែល២៧ឆ្នាំ ។ រីឯជនរងគ្រោះឈ្មោះ Zhu Hong Yu ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរលក់គ្រឿងអលង្គា ស្នាក់នៅផ្ទះសំណាក់លីហ៊រ បន្ទប់លេខ៣២២ ផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ កាន់លិខិតឆ្លងដែនលេខE០៦៩០២៣៨១ ។

ប្រភពដដែល បានបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរលេងតាមសួនច្បាប់ម្នាក់ឯង លុះដើរមកដល់ចំណុចមុខផ្ទះសំណាក់ន័រម៉េត ក៏ទូរស័ព្ទអស់ថ្ម ភ្លាមនោះជនរងគ្រោះបានទៅសុំបុគ្គលិកផ្ទះសំណាក់សាកថ្មទូរស័ព្ទ ស្រាប់តែជនសង្ស័យ៣នាក់ ដើរមកក្បែររួចធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេចរត់គេចខ្លួន តែជនរងគ្រោះដេញតាមចាប់បានម្នាក់។ចំណែកឯបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់រួមទាំងទូរស័ព្ទដៃជនរងគ្រោះទៅជាមួយផងដែរ ។

ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមច្បាប់ ៕ ស ដារ៉ា

 

img_1894


ចែករំលែក៖