ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍សោះ បែរជាប្រើហិង្សាសមត្ថកិច្ចឃាត់ខ្លួន២នាក់ រត់គេចខ្លួន២នាក់

ចែករំលែក៖

ភ្នំពេញ: បុរស២នាក់ ក្នុងចំណោម៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួន ដោយសារជនខាងលើប្រើហិង្សាវាយទៅលើយុវជនម្នាក់ ក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ រឿងរ៉ឺម៉កដឹកបាយជ្រូក និងរថយន្ត ។

ករណីនេះ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង១៩ និង១៥នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្លូវបេតុងកែងផ្លូវ១០១៩ ក្រុម៤ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បុរសដែលឃាត់ខាងលើ ទី១ ឈ្មោះឡូ វុទ្ធី អាយុ ៤០ឆ្នាំ មុខរបរយោធា ស្នាក់នៅផ្លូវលំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  ទី២ ឈ្មោះ ឃុត សុខា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមន្ត្រីរាជការ នៅក្រសួងកាងារ ស្នាក់នៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។ ចំណែក២នាក់ទៀត បានរត់គេចខ្លួន ក្រោយធ្វើសកម្មភាពវាយទៅលើជនរងគ្រោះហើយ ។

ដើមបណ្តឹងឈ្មោះ កែវ លិ អាយុ២៥ឆ្នាំ មុខរបរដឹកបាយជ្រូក ស្នាក់នៅភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា មុនដំបូង ឃើញយុវជនរងគ្រោះ បើករ៉ឺម៉កដឹកបាយជ្រូកម្នាក់ឯង លើផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកែងផ្លូ១០១៩ អ្នកបើករ៉ឺម៉កដឹកបាយជ្រូកប្រឹងបើកឡើងចំណោត តែឡើងមិនរួច ក៏វិលក្បាលម៉ូតូហោះមកប៉ះចំពាក់កណ្តាលផ្នែកខាងឆ្វេងរថយន្តកាមរីឆ្លាម ពណ៌ស្ករ ស្លាកលេខ ភ្នំពេញ 2G-3397 ដែលបើកមកពីក្រោយរ៉ឺម៉ក ប៉ុន្តែមិនមានរងរបួសអ្វីឡើយ ។

ប្រភពបានប្រាប់ទៀតថា ក្រោយកើតហេតុ គេបានឃើញអ្នកបើក រ៉ឺម៉កដឹកបាយជ្រូក ដោយដឹងកំហុសបានសំពះសុំទោសទៅលើអ្នកបើករថយន្ត ពេលនោះគេសង្កេតឃើញអ្នកនៅក្នុងរថយន្តមានប្រុសៗ៤នាក់ បើកទ្វារថយន្តចេញមក ធ្វើសកម្មភាពវាយ និងប្រើហិង្សាទៅលើយុវជនខាងលើ សូម្បីសមត្ថកិច្ចទៅអន្តរាគមន៍ ក៏ជនខាងលើ នៅធ្វើច្រងេងច្រងាងដាក់សមត្ថកិច្ចផងដែរ ដែលក្រោយប្រើហិង្សាហើយ បុរស២នាក់បានរត់គេចខ្លួនបាត់ សល់តែបុរស២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ។

នៅចំពោះមុខសមត្ថកិច្ច ជនទាំង២នាក់ បានប្រាប់ទាំងអាការធំក្លិនស្រាថា ពួកគាត់មិនបានវាយតប់ទៅលើយុវជនខាងលើឡើយ តែទោះជាយ៉ាងណា យោងតាមសំដីជនរងគ្រោះ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនជនទាំង២នាក់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំសាកសួរបន្ត ៕ តុង សីហា

 

2 1 3


ចែករំលែក៖