ព័ត៌មានទាន់ហេតុការណ៍៖

ពេជ្រ ខេនឌី ប្រកាសជំនួញដែលអាចលើកស្ទួយក្បាច់គុនល្បុក្កតោចំថ្ងៃបង្កក់កូន

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះ បង្គួរអ្នកនាង ពេជ្រ ខេនឌី បានប្រកាសបើក មុខជំនួញសាងសង់ភោជនីយដ្ឋានមួយនៅលើទឹកដីនៃខេត្តសៀមរាបដែលផ្តល់ ឱកាសដល់ការសម្តែងនិងបង្រៀនក្បាច់ គុនល្បុក្កតោ។ ការប្រកាសគម្រោងចំណាយខ្ទង់សែនដុល្លារនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១០ ខែកញ្ញា នេះក្នុងពិធីបង្កក់កូនប្រុសដែលទើបនឹងប្រសូតបានមួយខែ។

ក្រោយពពោះកូនប្រុសលើកដំបូងជាមួយនឹងស្វាមីជាអ្នកជំនួញអាណិកជនចិនតារា សម្តែង ពេជ្រ ខេនឌី បានផ្អាកពីការងារ សិល្បៈមួយរយៈពេល។ នាងបានរៀបចំពិធីបង្កក់កូនប្រុសឈ្មោះ យាន ខៃខៃ នៅក្នុងផ្ទះ វីឡានាបុរី៩៩៩ក្រោយផ្សារហេងលីក្រោម វត្តមានសាច់ញាតិនិងសិល្បករជាច្រើនរូបចូលរួម ។

តារាស្រីវ័យ៣១ឆ្នាំរូបនេះបញ្ជាក់ថា នាងនៅមិនទាន់លាឈប់ពីការងារសិល្បៈនៅឡើយទេ ព្រោះតែចិត្តនៅស្រលាញ់ហើយស្វាមីនាងក៏ពេញចិត្តនឹងការងារ សិល្បៈរបស់នាងផងដែរ។ នាងបញ្ជាក់ថា ឱកាសខាងមុខនាងនឹងបន្តការងារសិល្បៈជាថ្មី។ ក្រៅពីការងារសិល្បៈនាងគ្រោង នឹងបើកដំណើរការភោជនីយដ្ឋានមួយកន្លែងជិតផ្សារដើមក្រឡាញ់ខេត្តសៀមរាបនៅចុងឆ្នាំ២០១៦នេះ។ នាងបន្តថា ការ បើកដំណើរការនេះគឺដោយសារការ ស្រលាញ់ ពិសេសចង់ចូលរួមចំណែកជួយថែរក្សានិងលើកតម្កើងតម្លៃសិល្បៈក្បាច់ គុនល្បុក្កតោខ្មែរឲ្យប្រជាជនខ្មែរនិងបរទេសបានស្គាល់។ នាងថា ភោជនីយដ្ឋានរបស់នាងនឹងត្រូវផ្តល់ជាទីតាំងសម្រាប់ការ សម្តែងបង្ហាញជូនដល់ភ្ញៀវដែលចូលទៅទទួលទានអាហារ ហើយមួយផ្នែកទៀតគឺសម្រាប់ជាទីកន្លែងបង្ហាត់បង្រៀនដល់ សិស្សដែលចង់ចេះក្បាច់គុនល្បុក្កតោ ខ្មែរ។ ទុនដែលចំណាយលើការសាងសង់បង្កើតទីតាំងនេះត្រូវបាននាងបញ្ជាក់ថា ខ្ទង់សែនដុល្លារដែលគ្រាន់តែសំណង់មានតម្លៃប្រមាណជាង១០ម៉ឺនដុល្លារអាមេរិក ព្រោះតែត្រូវរៀបចំយ៉ាងណាឲ្យមានរចនាប័ទ្មបែបខ្មែរ និងអាចទាក់ទាញការចាប់ អារម្មណ៍ច្រើនពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ អ្វីដែលនាងសម្រេចចិត្តបណ្តាក់ ទុននេះដែរព្រោះតែនាងចង់បំពេញបំណងរបស់លោកតារបស់នាងគឺព្រឹទ្ធាចារ្យក្បាច់គុនល្បុក្កតោក្រមាមាសលោកគ្រូ សាន គឹមស៊ាន ដែលចង់មានទីតាំងសម្រាប់បង្ហាត់ក្បាច់គុននេះ។ នាងរំពឹងថា ការបង្កើតភោជនីយដ្ឋានទីកន្លែងហ្វឹកហាត់ និងសម្តែងនេះនឹងបំពេញតាមបំណងជីតារបស់នាងក៏ដូចជាចូលរួម ចំណែកជួយថែរក្សា អភិរក្ស អភិវឌ្ឍក្បាច់គុនល្បុក្កតោខ្មែរឲ្យកាន់តែទទួលបានប្រជាប្រិយភាពជាងនេះ។

លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹម ស៊ាន ដែលជាអ្នកបង្កើត ចងក្រងស្រាវជ្រាវក្បាច់គុនល្បុក្កតោខ្មែរបានថ្លែងពីក្តីរំភើប រីករាយចំពោះដំណឹងដ៏ល្អនេះ។ លោក ព្រឹទ្ធាចារ្យបន្តថា វាគឺជាផ្នែកមួយនៃការ ពង្រីកវិសាលភាពកិត្តិស័ព្ទ នៃក្បាច់គុនខ្មែរដែលមានរាប់ពាន់ឆ្នាំមកហើយ។ លោក រំពឹងថា នៅថ្ងៃខាងមុខក្បាច់គុននេះក៏នឹងត្រូវបញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌអរូបី របស់មនុស្សជាតិផងដែរ ខណៈដែលក្បាច់គុននេះត្រូវបានក្លាយជាក្បាច់គុនដែលត្រូវបានបញ្ចូលក្នុងការហ្វឹកហាត់របស់ មន្ត្រីនៃក្រសួងការពារជាតិផងដែរ។ លោកព្រឹទ្ធាចារ្យសូមថ្លែងអំណរគុណចំពោះចៅស្រីដែលបានបំពេញក្តីសុបិនរបស់លោកហើយលោករំពឹងដែរថា ទីនេះនឹងក្លាយជាទីកន្លែងពង្រឹងនិងពង្រីកវិសាលភាពកិត្តិស័ព្ទរបស់ក្បាច់គុនខ្មែរលើឆាកជាតិ និង អន្តរជាតិ៕ វឌ្ឍនា

unnamed-2 unnamed-1 unnamed unnamed-3


ចែករំលែក៖