ភ្នំពេញ៖ ថ្លែងដោយការជឿជាក់ជាមួយនឹងបទចម្រៀង Original Song(បទថ្មីដែល មិនលួចចម្លង)តារាចម្រៀងវ័យក្មេង ម៉ា ច័ន្ទបញ្ញា លើកឡើងថា ខ្មែរអាចនឹងបំបាត់ការលួចចម្លងស្នាដៃពីបរទេសបានក្នុង អំឡុង៥ឆ្នាំខាងមុខបើសន្ទុះនៃការគាំទ្រកាន់តែច្រើនស្របពេលដែលអ្នកនិពន្ធមាន ឆន្ទៈក្នុងការនិពន្ធបទថ្មី។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីបទចម្រៀងនិពន្ធថ្មីរបស់អ្នកនិពន្ធវ័យក្មេងមួយចំនួនទទួលបានការគាំទ្រច្រើនពីសំណាក់អ្នកស្តាប់។
លោក ម៉ា ចន្ទ័បញ្ញា ដែលជាតារាចម្រៀងផ្ដោតលើបទនិពន្ធថ្មីបានថ្លែងថា ក្នុងរយៈពេល៥ឆ្នាំនេះបទចម្រៀងនិពន្ធថ្មីមានការពេញនិយមខ្លាំងហើយលោករំពឹងថារយៈពេល៥ឆ្នាំទៀត បទចម្រៀងថ្មីរបស់កម្ពុជានឹងអាចធ្វើបានដើម្បីប្រកួតប្រជែងនិងចេញទៅក្រៅប្រទេសកាន់តែច្រើន។ លោកថាការនិពន្ធបទចម្រៀងថ្មីប្រៀបបានទៅនឹងការទុកមរតកសម្រាប់មនុស្សជំនាន់ក្រោយដែលមិនខុសពីតារាចម្រៀងជើងចាស់ក្នុងទសវត្សរ៍ទី៦០និង៧០ទេដែលពួកគាត់បានបន្សល់ទុកបទចម្រៀងល្អៗសម្រាប់មនុស្សជំនាន់ក្រោយ។ លោកក៏ស្នើឲ្យអ្នកបង្កើតស្នាដៃនិពន្ធថ្មីប្រកបដោយគុណភាព និង បរិមាណឲ្យកាន់តែច្រើន។ លោកបញ្ជាក់ ដែរថា ដោយសារបច្ចេកវិទ្យាមានការជឿនលឿនច្រើនទើបបទចម្រៀងថ្មីកាន់តែមានសន្ទុះ និងធ្វើឲ្យអ្នកស្តាប់ចង់បានអ្វីដែល ថ្មី។ លោកក៏ស្នើឲ្យអ្នកវិនិយោគលើផ្នែក ផលិតបទចម្រៀង និងផ្នែកផ្សេងៗទៀត ជួយគាំទ្រលើកស្ទួយស្នាដៃសិល្បៈដែលជាស្នាដៃថ្មីកើតឡើងដោយកូនខ្មែរដើម្បី ឲ្យមានស្ថិរភាពក្នុងការបង្កើតបទចម្រៀងថ្មី។
គួរបញ្ជាក់ដែរថាថ្មីៗនេះលោក ម៉ា ច័ន្ទ បញ្ញា ទើបនឹងមកពីប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកម្មវិធី YES Academy ASEAN ដែលរៀបចំដោយស្ថានទូតអាមេរិកជួស មុខឲ្យកម្ពុជា។លោកត្រូវបានខាងស្ថានទូតអាមេរិកជ្រើសរើសឲ្យទៅចូលរួមកម្មវិធី ហ្នឹងក្នុងនាមជាតំណាងកម្ពុជាក្នុងនាមជា អ្នកចម្រៀងនិងនិពន្ធទំនុកច្រៀង។ម្ចាស់បទ “ម្ចាស់គ្រងសុបិនស្នេហ៍”បានបន្តថា កម្មវិធី YES Academy ASEAN នេះគឺជាកម្មវិធីមួយដែលផ្ដោតសំខាន់ទៅលើសិល្បៈជាពិសេសគឺផ្ដោតទៅលើសិល្បៈតន្ត្រីតែ ម្ដង។
លោកអះអាងបន្ថែមថា កម្មវិធីសិល្បៈនេះរៀបចំដោយស្ថានទូតអាមេរិកដែល ក្នុងគោលបំណងឲ្យប្រទេសអាស៊ានទាំងអស់បានឈ្វេងយល់និងសិក្សាពីភាពស្រស់ស្អាតរបស់តន្ត្រីនៃបណ្ដាប្រទេសអាស៊ានទាំងមូល។
លោក ម៉ា ចន្ទ័បញ្ញា បញ្ជាក់ទៀតថា ការចេញទៅលើកនេះលោកទទួលបាន បទពិសោធន៍កាន់តែច្រើនសិក្សាបានច្រើនអំពីការតែងនិពន្ធក៏ដូចជាបង្ហាញនូវអ្វីដែលជាសិល្បៈរបស់កម្ពុជាទៅកាន់បរទេសឲ្យ គេបានស្គាល់កាន់តែច្បាស់នូវភាពស្រស់ស្អាតនិងរស់រវើករបស់សិល្បៈខ្មែរផងដែរ៕ វឌ្ឍនា