ភ្នំពេញ៖ ស្របពេលដែលគណបក្ស សង្គ្រោះជាតិក្រោយពីបានសិក្សាគណៈ កម្មាធិការអចិន្ត្រៃយ៍គណបក្សបានចេញសេចក្តីប្រកាសសម្រេចឲ្យគណបក្សរៀបចំមហាបាតុកម្មអហិង្សានាពេលខាងមុខក្រោមលេសទាមទារឲ្យមានបរិយាកាស នយោបាយប្រក្រតីឡើងវិញដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ យុត្តិធម៌ និងស្មើភាពតាមរយៈដំណោះ ស្រាយនយោបាយរួមនិងបង្កើតគណៈកម្មការដើម្បីសិក្សា និងរៀបចំផែនការធ្វើមហា បាតុកម្មដែលធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦នោះ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចេញប្រតិកម្មទៅនឹងការលើកឡើងរបស់មេបក្សប្រឆាំងដោយមិនអនុញ្ញាតឲ្យមានការធ្វើមហាបាតុកម្មបង្កអស្ថិរ ភាពសង្គមក៏ដូចប្រទេសជាតិនោះទេ។ ក្នុង នោះកាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៦ សម្តេចតេជោមានប្រសាសន៍ ឆ្លើយតបភ្លាមៗយ៉ាងដូច្នេះថា “ខ្ញុំសូមប្រាប់ទៅវិញបានទេមិនមានដំណោះស្រាយ នយោបាយណាដែលអាចរកឃើញតាម រយៈបក្សនយោបាយនោះឡើយ ព្រោះវា ជាសមត្ថកិច្ចរបស់តុលាការ” ។ សម្តេច តេជោបន្តថា ២ថ្ងៃជាប់គ្នារួចមកហើយ ដែលមេដឹកនាំបក្សប្រឆាំងគំរាមដល់ស្ថិរភាពជាតិតាមរយៈការរៀបចំធ្វើមហាបាតុកម្មដើម្បីទាមទាររបស់ដែលហៅថា ដំណោះ ស្រាយនយោបាយ ។
ជុំវិញបញ្ហានេះសម្តេចតេជោបញ្ជាក់ថា “ខ្ញុំបញ្ជាដល់គ្រប់កម្លាំងមានសមត្ថកិច្ច ត្រៀមខ្លួនកម្ចាត់ចោលនូវរាល់សកម្មភាពខុសច្បាប់ទាំងអស់ដើម្បីការពារភាពសុខសាន្តរបស់ប្រជាជន ។ ដោយតម្លៃណាក៏ ដោយគឺត្រូវការពារស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យខាងតែបាន ព្រោះវាជាតម្រូវការរបស់ជាតិ និង ប្រជាជន” ។ សម្តេចតេជោថ្លែងថា មេដឹកនាំបាតុកម្មកំពុងអាងលើសិទ្ធិបញ្ចេញមតិ ហើយភ្លេចគិតដល់សិទ្ធិរបស់អ្នកដទៃរាប់ ទាំងសិទ្ធិរបស់រាជរដ្ឋាភិបាលផងដែរ ។ ឧទ្ទាមកម្មក្នុងទីក្រុងដើម្បីបិទបាំងជនដែលតុលាការកាត់ទោសមិនត្រូវមានការអនុញ្ញាតទេ ។ សម្តេចបញ្ជាក់ទៀតថា សូម អស់លោក លោកស្រីកុំញ៉ាម និងកុំអាង លើបាតុកម្ម ។ វាយពស់ត្រូវវាយក្បាលមុន បើមិនជឿសូមសាកមើល ។ នេះមិនមែន ជាការគំរាមទេ។ តែវាធ្ងន់ជាងគំរាមទៅ ទៀត ព្រោះវាជាប្រភេទនៃបញ្ជាដល់កម្លាំង របស់រាជរដ្ឋាភិបាលទាំងអស់ត្រៀមខ្លួន កម្ចាត់ចោលរាល់កម្លាំងដែលធ្វើសកម្មភាពបំផ្លាញសន្តិសុខជាតិ ហើយខ្ញុំមានសិទ្ធិនឹងនិយាយរបៀបនេះ ព្រោះជាសិទ្ធិអំណាចនាយករដ្ឋមន្រ្តី ។
លោក សម រង្សី មេបក្សប្រឆាំងដែល កំពុងនិរទេសខ្លួននៅក្រៅប្រទេសកាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៦អាចជាការរសើបខ្នងខ្លួនឯងផងដែរលើហ្វេសប៊ុករបស់គាត់បានបង្ហោះសារថា មានកងកម្លាំង ប្រដាប់អាវុធកំពុងជិះលើរថយន្តតូចធំជាង៤០គ្រឿងបានចល័តតាមបណ្តោយផ្លូវជាតិលេខ២សាជាថ្មីម្តងទៀតនៅម្តុំមុខស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ។
ឆ្លើយតបភ្លាមៗផងដែរពីមន្រ្តីរាជរដ្ឋាភិបាលនាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ បានបញ្ជាក់ថា ការចេញល្បាតពីសំណាក់កងកម្លាំងសមត្ថកិច្ចជាច្រើនរថយន្តនៅយប់មិញនោះ (ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦) គឺដើម្បីជាការពង្រឹង និងធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់រូប និងជូន ប្រទេសជាតិ ។
លោក គឹម សន្តិភា អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យបានបក ស្រាយថា វិធានការនានារបស់សមត្ថកិច្ចក្នុង ការបង្ការនិងទប់ស្កាត់បទល្មើសដែលអាចកើតមានឡើងនោះគឺជាកាតព្វកិច្ចតាម ច្បាប់ និងជាយុទ្ធសាស្រ្តដែលមានប្រសិទ្ធភាពសម្រាប់សុវត្ថិភាពប្រជាពលរដ្ឋ និង ធានាសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម។ អ្នកនាំពាក្យរូបនេះបន្តថា ប្រសិនជាអ្នកព្យាយាមប្រឆាំងនឹងច្បាប់របស់ប្រទេសអធិបតេយ្យមួយនេះ មានន័យស្មើនឹងអ្នកដកហូតសិទ្ធិសេរីភាពរបស់ខ្លួនដែលនេះក៏ជាចរិត របស់ក្រុមឧទ្ទាមក្រៅច្បាប់ផងដែរ ។
ក្រោយពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសម្តេចតេជោនាយករដ្ឋមន្រ្តីដល់កងកម្លាំងមានសមត្ថកិច្ចពង្រឹងសន្តិសុខជូនប្រជា ពលរដ្ឋនិងប្រទេសជាតិ មេដឹកនាំកងកម្លាំង ក៏បានបង្ហាញពីការអនុវត្តតួនាទីភារកិច្ច ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ក្នុង នោះនាយឧត្តមសេនីយ៍ ជុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា កងទ័ពរបស់កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តតាមបទបញ្ជាប្រមុខ រាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ឲ្យមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ សកម្មភាពទាំងឡាយណាដែលបង្កអសន្តិសុខដល់ប្រទេសជាតិ ។ លោកនាយឧត្តម សេនីយ៍បន្តថា កងទ័ពប្រឆាំងជាដាច់ខាតទៅនឹងមហាបាតុកម្មរបស់គណបក្ស សង្គ្រោះជាតិដែលបង្កអស្ថិរភាពសង្គម ហើយលោកក៏អំពាវនាវឲ្យប្រជាពលរដ្ឋ ចៀសឲ្យឆ្ងាយពីការញុះញង់របស់គណ បក្សសង្គ្រោះជាតិក្នុងការប្រមូលផ្តុំធ្វើមហាបាតុកម្មនេះ ។
ឆ្លើយតបនឹងការប្រកាសធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនិងបទ បញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សសម្តេចតេជោនាយក រដ្ឋមន្រ្តីបានប្រកាសឲ្យដឹងថា គ្រប់កម្លាំង កងឯកភាពទាំងអស់របស់បញ្ជាការដ្ឋាន កងអង្គរក្សបានត្រៀមរួចជាស្រេចហើយ ដើម្បីអនុវត្តបទបញ្ជា និងកម្ចាត់ចោលជនដែលធ្វើបាតុកម្មបំពានច្បាប់រៀបចំដោយគណបក្សសង្គ្រោះជាតិ ។
នាយឧត្តមសេនីយ៍បានព្រមានធ្ងន់ៗ ផងដែរថា គ្មានអនុញ្ញាតឲ្យធ្វើអ្វីតាមអំពើ ចិត្តនោះទេចំពោះការធ្វើមហាបាតុកម្មនោះយើងមានសិទ្ធិការពារសេចក្តីសុខជូនប្រជាពលរដ្ឋ និងស្ថិរភាពសង្គម ហើយ កម្លាំងប្រដាប់អាវុធទាំងអស់កំពុងត្រៀមជាស្រេចហើយដើម្បីអនុវត្តបទបញ្ជារបស់សម្តេចតេជោ ។
កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៦ គណបក្សសង្គ្រោះជាតិបន្តការ ចេញសេចក្តីថ្លែងការណ៍របស់ខ្លួនមួយទៀតសាជាថ្មីដោយថ្កោលទោសយ៉ាងដាច់ អហង្ការចំពោះសកម្មភាពគំរាមកំហែងមកលើគណបក្សសង្គ្រោះជាតិតាមរយៈនៃការចល័តកងកម្លាំងប្រដាប់អាវុធតាមរថយន្ត និងកាណូតនៅលើផ្លូវជាតិលេខ២ខាង មុខ និងតាមដងទន្លេបាសាក់ខាងក្រោយ ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ព្រមទាំងឈប់ចតនៅខាងមុខទីស្នាក់ការ គណបក្សកាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ។
ពាក់ព័ន្ធករណីនេះលោក គឹម សន្តិភាព បានលើកឡើងថា វិធានការនានារបស់ សមត្ថកិច្ចក្នុងការបង្ការនិងទប់ស្កាត់បទល្មើសដែលអាចកើតមានឡើងនោះគឺជា កាតព្វកិច្វតាមច្បាប់និងជាយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាពសម្រាប់សុវត្ថិភាពប្រជា ពលរដ្ឋនិងធានាសណ្តាប់ធ្នាប់សាធារណៈ ក្នុងសង្គម។ លោកគឹម សន្តិភាព ក៏បានរំឭក និងជំរុញឲ្យខាងបក្សប្រឆាំងត្រូវពិនិត្យអត្ថបទច្បាប់មួយចំនួនដែលមានក្នុងរដ្ឋអធិបតេយ្យសម្រាប់ជាការពិចារណាមុននឹងជ្រើសរើសយកផ្លូវដែលត្រូវដើរនោះ ។
ដោយឡែកនាយឧត្តមសេនីយ៍គន់ គីម អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះបានមាន ប្រសាសន៍ថា កងទ័ពត្រូវតែស្ម័គ្រស្មោះ ចំពោះរាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារប្រជាពលរដ្ឋ កម្ពុជាឲ្យរស់នៅក្នុងសេចក្តីសុខក្សេម ក្សាន្ត។ ដូច្នេះរាល់សកម្មទាំងឡាយដែលផ្ទុយពីច្បាប់និងនាំទៅដល់អស្ថិរភាពសង្គម កងទ័ពប្រឆាំងដាច់ខាត ។ នាយឧត្តម សេនីយ៍ គន់ គីម បញ្ជាក់ថា ពេលនេះកងកម្លាំងបានត្រៀមខ្លួនរួចជាស្រេចក្នុងការ អនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទប់ទល់រាល់សកម្មភាពបង្កមហន្តរាយដល់សង្គមជាតិ ។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចង៧០បានបញ្ជាក់ដែរថា កម្លាំងប្រដាប់អាវុធនៃកងពលតូចនៃកងអន្តរាគមន៍ង៧០បានត្រៀមរួចជាស្រេចដើម្បីអនុវត្តបទបញ្ជារបស់សម្តេច តេជោ អនុវត្តការបង្ក្រាបបាតុកម្មខុសច្បាប់ បើទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ ដោយគឺមិនអនុញ្ញាតជាដាច់ខាតចំពោះការធ្វើបាតុកម្មបំពានច្បាប់នេះ ព្រោះនេះជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតដល់ប្រជាជន និងប្រទេសជាតិ ។
លោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិត្រូវបានសាលាដំបូងរាជធានីភ្នំ ពេញប្រកាសសាលក្រមផ្តន្ទាទោស៥ខែ និងពិន័យជាប្រាក់៨សែនរៀលពីបទការ បដិសេធក្នុងការចូលខ្លួន។ យោងតាម បញ្ញត្តិមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌដែល ជាបទល្មើសជាក់ស្តែងហើយលោក កឹម សុខា អាចប្រឈមទៅនឹងគ្មានសិទ្ធិចុះឈ្មោះ បោះឆ្នោត និងឈរឈ្មោះបោះឆ្នោត។ ស្របនឹងករណីនេះទើបគណៈកម្មាធិការ អចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិពិភាក្សាគ្នាឈានដល់ការចេញសេចក្តីប្រកាសព័ត៌ មានថានឹងដឹកនាំធ្វើមហាបាតុកម្មខាងមុខ ទាមទារកដំណោះស្រាយផ្នែកនយោបាយ សម្រាប់បុគ្គល កឹម សុខា ផ្ទាល់ខ្លួនដែល តុលាការត្រូវបានផ្តន្ទាទោសនោះ ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានបញ្ជាក់ផងដែរថា មហាបាតុកម្មដែលគណបក្សសង្គ្រោះជាតិគ្រោងនឹងធ្វើនោះមិនអាចទៅរួចទេ ដែល លោកបញ្ជាក់ថា រឿងលោក កឹម សុខា មិន មែនត្រូវដោះស្រាយដោយបញ្ហានយោបាយទេ វាជារឿងតុលាការ ៕ សុខ ខេមរា