ភ្នំពេញ ៖ ប្តី ប្រពន្ឌមួយគូ ក្រោយពីរស់នៅមិនចុះសម្រុងគ្នា ឈានទៅដល់នាំគ្នាសុំលែងលះដោយស្ម័គចិត្តនៅចំពោះមុខអាជ្ញាធរសង្កាត់ចោមចៅ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ លុះចប់សព្វគ្រប់នូវកិច្ចសន្យា រវាងគ្នា នឹងគ្នាហើយ ពេលវិលត្រឡប់ទៅវិញ អតីត ប្តី សុំឌុបជាលើកចុងក្រោយ តែត្រូវបាន អតីតប្រពន្ធប្រកែក តមាត់ក ចាប់ដាក់ម៉ូតូ បែរជាឈ្លោះផ្អើលពេញសាលាសង្កាត់ ។
ភាគីខាងប្តីមានឈ្មោះ ហេង សំណាង មានទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ។ ចំណែកភាគីខាងប្រពន្ធមិនប្រាប់ឈ្មោះឡើយ គ្រាន់តែដឹងថា ២នាក់ប្តីប្រពន្ធខាងលើ រៀបការនឹងគ្នាច្រើនឆ្នាំមកហើយ មានកូនចំនួន២នាក់ ក្នុងបន្ទុក ។
តាមប្រភពពីភាគីខាងស្រី ឲ្យដឹងថា ប្តីមិនដែលចេះជួយការងារផ្ទះសម្បែង ដឹងតែពីដើរ ផឹក សុី ធ្វើឲ្យក្នុងរង្វង់គ្រួសារប្រេះឆា ឈ្លោះព្រឹក ឈ្លោះល្ងាច ទីបំផុតសម្រេចឯកភាពគ្នា មកសុំលែងលះដោយស្ម័គចិត្ត នៅសាលាសង្កាត់ចោមចៅនៅរសៀលថ្ងៃទី១៣ ខែកញ្ញានេះ ក្នុងលក្ខខណ្ឌកិច្ចសន្យា ផ្តាច់សង្វាស់ និងលែងជាប្តីប្រពន្ធទៀតហើយ ចាប់ពីផ្តិតមេដៃជាការចំណាំទុក ។
ការសន្យារបស់អ្នកទាំង២ នៅមុខមន្រ្តីអាជ្ញាធរសង្កាត់ចប់សព្វគ្រប់ហើយ ពេលដែល វិលត្រឡប់ទៅវិញ បែជាអតីត ប្តី សុំឌុបជូនទៅផ្ទះ តែត្រូវបានខាងស្រីមិនព្រម ប្រកែក កើតទៅជាមាត់តូច ធំដាក់គ្នា ទីបំផុត ពាក្យអសុរោះ រវាងគ្នានឹងគ្នា ជេរទៅ ជេរមក ផ្អើល ប្រជាជាពលរដ្ឋ ដែលអញ្ជើញទៅ ចុះឈ្មោះបោះឆ្នោត នាំគ្នាជួយចាប់ ជួយឃាត់ ទើបខាងស្រី អូសម៉ូតូជិះចាកចេញទៅបាត់ សល់ភាគីខាងប្រុស ដើរថ្មើរជើងទៅតាមក្រោយដែរ ៕សុខាសែនជ័យ