ភ្នំពេញ ៖ ប្រជាពលរដ្ឋ៦៥នាក់តំណាងឲ្យប្រជាពលរដ្ឋសរុប៧១គ្រួសារ រស់នៅ ឃុំជ្រៃលាស់ និងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននាំគ្នាមកសុំជួបលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួង រៀបចំដែនដីនគរូបនីកម្ម និងសំណង់ ដើម្បីឲ្យជួយអន្តរាគមន៍ដោះស្រាយជម្លោះដីធ្លី របស់ពួកគាត់ប្រមាណ១៥៥ហិកតាជា មួយអ្នកស្រី លឹក គា ម្ចាស់ក្រុមហ៊ុនសុរាគា ខ្មែរ ដែលបានអូសបន្លាយពេលជិត១០ឆ្នាំ មកហើយ ។
ប្រជាពលរដ្ឋទាំងនេះបានចោទអ្នកស្រី លឹម គា និងអាជ្ញាធរខេត្តកណ្តាលថា បានឃុបឃិតគ្នារំលោភយកដីរបស់ពួកគាត់ ដែលបានកាន់កាប់ដីនេះតាំងពីអំឡុងឆ្នាំ ជាង១៩៩០មកម៉្លេះ ។
នៅលើបដារបស់ប្រជាពលរដ្ឋបានសរសេរថា ពលរដ្ឋ៧១គ្រួសារ មកពីឃុំឈ្វាំង និងឃុំជ្រៃលាស់បានតស៊ូរកយុត្តិធម៌តាមផ្លូវច្បាប់អស់រយៈពេលជិត១០ឆ្នាំមកហើយសូមផ្តល់យុត្តិធម៌ឲ្យយើងខ្ញំផង ។ យើងខ្ញុំពលរដ្ឋ៧១គ្រួសារចង់បានការដោះស្រាយដោយយុត្តិមធ៌ និងតម្លាភាព ។ ពលរដ្ឋ ក្រីក្រត្រូវហូរទឹកភ្នែកដោយអំណាចទឹកប្រាក់របស់អ្នកមាន? យើងខ្ញុំសូមជឿជាក់ លើឯកឧត្តម ជា សុផារ៉ា ថា ឯកឧត្តមនឹងមិនធ្វើឲ្យយើងខ្ញុំស្រក់ទឹកភ្នែក ដោយភាព អយុត្តិធម៌ និងភាពក្រខ្សត់អត់ប្រាក់សូក ប៉ាន់នឹងគេទេទៀតផង ។
នៅពេលប្រជាពលរដ្ឋមកតវ៉ានោះ តំណាងមន្រ្តីរបស់ក្រសួងក៏បានចេញមក ជួបជាមួយប្រជាពលរដ្ឋ និងទទួលយកពាក្យ បណ្តឹងដាក់ជូនលោករដ្ឋមន្រ្តី ដើម្បីចាត់ ការតាមក្រោយទៀត ។ តំណាងប្រជាពល រដ្ឋបានឲ្យដឹងថា ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋជាមួយអ្នកស្រី លឹម គា បានកើត ឡើងជាយូរណាស់មកហើយ ក្នុងអំឡុង ឆ្នាំ១៩៩៦ និង១៩៩៧ ក្រោយមកសម្តេច នាយករដ្ឋមន្ត្រីបានសម្រេចប្រគល់ដីនេះ មកឲ្យប្រជាពលរដ្ឋកាន់កាប់ និងបង្កបង្កើនផលឡើងវិញនៅអំឡុងឆ្នាំ២០០៨ ក្រោយ ពីបានសិក្សាស៊ើបអង្កេតរួចមក ។
ប៉ុន្តែភាគីអ្នកស្រី លឹម គា នៅតែមិន ព្រមអនុវត្តតាមការសម្រេចរបស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា រហូតដល់មានការប្តឹងតំណាងប្រជាពលរដ្ឋចាប់ដាក់គុកទៀត ផង ។ តំណាងប្រជាពលរដ្ឋបានរៀបរាប់ថា ដីស្រែដែលមាន១៥៥ហិកតាដែលស្ថិតនៅក្នុងភូមិឃុំខាងលើនេះពួកគាត់បាននាំ គ្នារុករានកាន់កាប់ និងបង្កបង្កើនផលចាប់តាំងពីចន្លោះឆ្នាំ១៩៨២-១៩៨៣មកម៉្លេះ ពោលគឺនៅក្រោយការអនុវត្តរបបក្រុម សាមគ្គីត្រូវបានរំលាយដីទាំងនោះមានដី សម្រាប់ធ្វើស្រែវស្សាប្រាំង និងដីចម្ការ ។
នៅឆ្នាំ១៩៩៧មានអាជា្ញធរភូមិ-ឃុំ បានធ្វើការឃោសនាថា បើអ្នកណាចង់ លក់ដីមានគេទិញហើយ គេទិញទុកសម្រាប់ ជាជម្រកត្រី និងទុកឲ្យសត្វជ្រកពេលនោះ ក៏មានប្រជាពលរដ្ឋខ្លះបានលក់ និងខ្លះ ទៀតមិនបានលក់ ។ សម្រាប់អ្នកលក់ត្រូវបានមេភូមិតាមភូមិនីមួយៗដើរ យកលុយកក់ឲ្យចន្លោះពី៥ដុល្លារទៅ១០០ដុល្លារ តាមទំហំដី ក្រោយពេលទទួលលុយកក់ហើយប្រជាពលរដ្ឋ ក៏នៅតែកាន់កាប់ និងបង្កបង្កើនផលជាធម្មតាបន្តរហូតមក ។
លុះមកដល់ឆ្នាំ២០០៦ ស្រាប់តែមាន ក្រុមហ៊ុនសុរាគាខ្មែរ (SKD)បាននាំគ្រឿង ចក្រមកកាយទំនប់ព័ទ្ធយកដីរបស់ប្រជា ពលរដ្ឋទាំងអ្នកលក់ និងអ្នកមិនលក់ពេលនោះពួកគាត់បាននាំគ្នាតវ៉ារារាំងមិនឲ្យមានការកាយទំនប់ និងបានប្តឹងសុំអន្តរាគមន៍ពីអាជា្ញធរមូលដ្ឋានតែគ្មានអើពើ និងដោះ ស្រាយឡើយ។ ដោយមិនដោះស្រាយពលរដ្ឋទាំងនោះបានធ្វើពាក្យស្នើសុំអន្តរាគមន៍ទៅអាជា្ញធរខេត្តនិងសម្តេចនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍រកយុត្តិធម៌ ។
ក្រោយមកអភិបាលខេត្តបានចុះស៊ើបអង្កេតស្រាវជ្រាវ និងបានធ្វើរបាយការណ៍ដោយសន្និដ្ឋានពីរចំណុចថា ឯកសារលក់ ទិញដីរបស់ឈ្មោះ លឹម គា និង ឡាយ ហៀង គឺមានភាពមិនប្រក្រតី ក្រោយមកនៅថ្ងៃ ទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ កន្លងទៅលោក ប្រាក់ សុខុន រដ្ឋលេខាធិការនៃទីស្ដីការ គណៈរដ្ឋមន្ត្រីបានចុះហត្ថលេខាតាមចំណារ សម្តេចនាយករដ្ឋមន្ត្រី ប្រគល់ដីនេះមកឲ្យ ប្រជាពលរដ្ឋកាន់កាប់និងបង្កបង្កើនផល ថែមទៀត ក្រោយពីបានសិក្សាស៊ើបអង្កេត រួចមក ។
ទោះជាមានចំណារពីសម្តេចនាយករដ្ឋ មន្ត្រីក៏ដោយ អ្នកស្រី លឹម គា និងបក្សពួក មិនបានគោរពហើយបានរកមធ្យោបាយ គ្រប់បែបយ៉ាងដោយសុំការអន្តរាគមន៍ពី សម្តេចប្រធានរដ្ឋសភាពីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច និង ពីសាលាដំបូងខេត្តកណ្តាល ។ ក្រោយ មកសាលាដំបូងខេត្តកណ្តាលជឿទៅតាមបណ្តឹងរបស់អ្នកស្រី លឹម គា ក៏បានចោទប្រកាន់ប្រជាពលរដ្ឋចំនួន១១នាក់ថាបានប្រព្រឹត្តបទល្មើសក្លែងឯកសារឯកជន ហើយបានចេញដីកាកោះហៅ និងឈាន ទៅដល់ចាប់ខ្លួនមនុស្ស៣នាក់ដាក់ពន្ធនា គារហើយកាត់ទោសឲ្យជាប់គុកម្នាក់២ឆ្នាំ ១០នាក់ និងឲ្យសងទៅ អ្នកស្រី លឹម គា ចំនួន៥០លានរៀលទៀតផង។
យ៉ាងណាក៏ដោយ ខាងលើនេះ គ្រាន់តែជាការលើកឡើងរបស់ប្រជាពលរដ្ឋ ប៉ុណ្ណោះ ចំណែកអ្នកស្រី លឹម គា អង្គភាព មិនទាន់អាចសុំការបកស្រាយបានទេ នៅ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ៕
ហេង នរិន្ទ្រ