ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរព្រំដែនភាគីថៃនៅចំណុចផ្សារព្រំថាផ្លែស្វាយខ្មែរគ្មានគុណភាពទើបផ្អាកមិនឲ្យនាំចូល

ចែករំលែក៖

ខេត្តប៉ៃលិន៖ ក្រុមប្រជាពលរដ្ឋ និង អាជីវករជាង៥០នាក់បានមកជួបជុំគ្នានៅក្នុងបរិវេណមន្ទីរកសិកម្មខេត្តប៉ៃលិនដើម្បីតវ៉ាសុំឱ្យអាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធ ទាំងអស់ ពិសេសមន្ទីរកសិកម្មខេត្តជួយរកដំណោះស្រាយតាមរយៈការសម្របសម្រួលទៅខាងភាគីថៃដើម្បីសុំអនុញ្ញាតឲ្យនាំ ចេញផ្លែស្វាយតាមច្រកទ្វារអន្តរជាតិព្រំ ដូចពេលមុន។ ការទាមទាររបស់ពលរដ្ឋ នេះធ្វើឡើង បន្ទាប់ពីភាគីថៃបានសម្រេចផ្អាកមិនឲ្យនាំផ្លែស្វាយចូលទៅលក់កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ។

បើតាមតំណាងអាជីវករឈ្មោះ អោម ពេជ្រ ភេទប្រុស អាយុ៣៨ឆ្នាំ បានឱ្យដឹង កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ថា គោលបំណងដែលពួកគាត់មកកាន់មន្ទីរ កសិកម្មខេត្តប៉ៃលិនពេលនេះគឺដើម្បីទាមទារឱ្យខាងអាជ្ញាធរខេត្ត និងមន្ទីរកសិកម្ម ជួយរកដំណោះស្រាយក្នុងការនាំចេញផ្លែស្វាយកែវរមៀតដែលប្រជាពលរដ្ឋបានដាំនៅតាមចម្ការនានាទូទាំងប្រទេសយកទៅលក់នៅប្រទេសថៃតាមច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ។

តំណាងអាជីវករបន្តថា កាលពីថ្ងៃទី៨ ខែកញ្ញាកន្លងទៅខាងភាគីថៃបានប្រជុំគ្នាសម្រេចផ្អាកការនាំចូលផ្លែស្វាយរបស់ខ្មែរ មិនឱ្យបន្តលក់ដូរនៅក្នុងទឹកដីថៃតទៅទៀត ព្រោះគេយកលេសថា ផ្លែស្វាយគ្មានគុណ ភាព ហើយក៏សម្រេចផ្អាកតែម្តង។ ពួក គាត់ថា ការនាំផ្លែស្វាយចេញទៅលក់នៅប្រទេសថៃគឺមានតែច្រកទ្វារអន្តរជាតិព្រំ ក្នុងខេត្តប៉ៃលិនមួយប៉ុណ្ណោះដែលអាចនាំចេញទៅបាននាពេលកន្លងមក ។

ឆ្លើយតបទៅកាន់ប្រជាពលរដ្ឋលោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃ លិនបានឱ្យដឹងថា ខាងមន្ទីរបានធ្វើរបាយការណ៍ទៅក្រសួងកសិកម្មហើយដោយខាងអាជ្ញាធរខេត្តបានបង្កើតគណៈកម្មការដែល មានលោក ទុំ ណូ ប្រធានសាខាគយ និង រដ្ឋាករខេត្តជាប្រធាន ព្រមទាំងមានសមាសភាពទាំងអស់ចំនួន១៣រូបដើម្បីដោះស្រាយជាមួយភាគីថៃនៅថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០១៦នេះ។

លោកបន្តទៀតថា ខាងភាគីថៃគេពិនិត្យ ឃើញថាផ្លែស្វាយរបស់ខ្មែរយើងមាន បញ្ហា៣យ៉ាង ទី១-មានសត្វល្អិតមួយចំនួននៅក្នុងគ្រាប់, ទី២-ព្រួយបារម្ភក្រែងផ្លែស្វាយ មានបាក់តេរីនៅក្នុងផ្លែ និងទី៣-ផ្លែស្វាយមានមេរោគផ្សិតនៅក្នុងផ្លែផងដែរ ទើប ភាគីថៃផ្អាកការនាំចូល និងឱ្យខាងភាគីខ្មែរធ្វើកន្លែងពិនិត្យគុណភាពផ្លែស្វាយទាំងនោះជាមុនសិន ៕ ហេង សូរិយា

 

b70e03e5-1ab8-46c8-84ff-eb0a78001e10


ចែករំលែក៖