ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថារាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងចង្អុលបង្ហាញ និងផ្តល់ការណែនាំដ៏ខ្ពង់ខ្ពស់ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានលោក ប៉េង ពោធិ៍នា ជារដ្ឋមន្ត្រី ពីសេវាសាធារណៈរបស់ក្រសួង ដោយត្រូវធ្វើយ៉ាងណាឱ្យកាន់តែកៀកខិត ផ្តល់ភាពងាយស្រួល ភាពសម្បូរបែប និងជម្រើសកាន់តែប្រសើរដល់ពលរដ្ឋ។
លោកអ្នកនាំពាក្យរូបនេះ បានបន្តថា ផ្អែកតាមការសិក្សា និងបានធ្វើការស្ទង់មតិប្រជាពលរដ្ឋឃើញថា បងប្អូនជាច្រើនមានបំណងចង់បាន លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនដើម្បីបំពាក់លើម៉ូតូរបស់ខ្លួន។
ក្នុងគោលបំណងផ្តល់នូវជម្រើសកាន់តែសម្បូរបែបជូនប្រជាពលរដ្ឋ និងកៀរគរចំណូលចូលថវិកាជាតិផង ទើបក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំឱ្យមានការលក់ចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួនបន្ថែមទៀត។
លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្តត្រីចក្រយានយន្ត និងម៉ូតូកង់ បួន ដាក់លក់តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចចូលទៅស្វែងរកលេខចុះបញ្ជីដែលខ្លួនពេញចិត្ត ហើយអាចបំពេញពាក្យស្នើសុំចុះបញ្ជី និងពាក់ផ្លាកលេខបាន។
តម្លៃផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូ បានរៀបចំក្នុងតម្លៃមួយសមរម្យទៅតាមចំណង់ចំណូលចិត្តបងប្អូនប្រជាពលរដ្ឋ ដែលមានតម្លៃទាបបំផុត១០ម៉ឺនរៀល និងខ្ពស់បំផុតតម្លៃ ៨លានរៀល។
គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩០ ដល់ខែមេសា ឆ្នាំ២០២៥ ម៉ូតូដែលបានចុះបញ្ជីសរុបមានចំនួន៦ ៦៨៤ ១៦៤គ្រឿង។ ការបង្កើតឱ្យមានលេខចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួននេះ កើតចេញពីសំណូមពរ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ បានគូសបញ្ជាក់ទៀតថា នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ម្សិលម៉ិញនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់សាកល្បងដោយអនុញ្ញាតឱ្យបងប្អូនជាពលរដ្ឋអាចចូលទៅស្វែងរក ទិញលេខ និងបំពេញបែបបទចុះបញ្ជី ដែលកំពុងឃើញការចាប់អារម្មណ៍ខ្ពស់ និងផុសផុលក្នុងការស្វែងរកតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម៕
ដោយ៖ តារា