ព័ត៌មានទាន់ហេតុការណ៍៖

សពពលករខ្មែរប្តីប្រពន្ធ២រូប ត្រូវបានដឹកមកដល់កម្ពុជាហើយ ដើម្បីបន្តធ្វើបុណ្យតាមប្រពៃណី នាយប់ថ្ងៃទី១៤ ខែឧសភា នេះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សពពលករ សាន់ សឿន អាយុ ៣៨ឆ្នាំ ជាប្តី និងពលការិនី សុខ គិមសី អាយុ៣១ឆ្នាំ ជាប្រពន្ធ ត្រូវបានបញ្ជូនមកដល់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតហើយ នាយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះ ក្រោមការជួយខ្នះខ្នែងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ,ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ,អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ រួមទាំងអ្នកពាក់ព័ន្ធគ្រប់កម្រិត។

តាំងពីក្រោយការបញ្ជាក់អត្តសញ្ញាណច្បាស់លាស់តាម រយៈការធ្វើកោសល្យវិច័យ DNA ពីសំណាក់វិទ្យាស្ថានវេជ្ជសាស្ត្ររបស់ប្រទេសថៃ នៅព្រឹកថ្ងៃទី១៤ ខែឧសភានេះ ដែលអះអាងថា ពលករទាំងពីរពិតជាបានទទួល មរណភាព ក្នុងគ្រោះរញ្ជួយដីនៅថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសម្របសម្រួលជាមួយអាជ្ញាធរថៃ ក្នុងការរៀបចំការបញ្ជូនសព និងធ្វើពិធីសាសនាមុននឹងបានដឹកសពតាមរថយន្តចេញពីទីក្រុងបាងកក មកកាន់ច្រកអន្តរជាតិប៉ោយប៉ែត មុន នឹងដង្ហែសពបន្តមកលំនៅដ្ឋាន នៅក្រុងសេរីសោភ័ណ្ឌដើម្បីធ្វើបុណ្យតាមប្រពៃណី។ 

ដោយឡែកថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងអាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានចាំទទួលសពបងប្អូនពលករទាំងពីរ នៅច្រកអន្តរជាតិប៉ោយប៉ែត និងបន្តសម្រប សម្រួលដង្ហែសពមកកាន់លំនៅដ្ឋាន ដែលបានរៀបចំពិធីបុណ្យរួចជាស្រេច ដោយមានការចាត់ចែងរៀបចំ ពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន រួមទាំងសាច់ញាតិក្រុមគ្រួសារសព។ 

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ដល់ពលករកម្ពុជា ដែលនៅបរទេសទាំងអស់ ជាពិសេសបងប្អូនពលករដែលរងគ្រោះក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ៕

ដោយ៖ សូរិយា


ចែករំលែក៖