ព័ត៌មានទាន់ហេតុការណ៍៖

ចិនគាំទ្រអធិបតេយ្យភាពរបស់ដាណឺម៉ាកលើកោះ Greenland

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់ថា ប្រទេសរបស់លោកគាំទ្រ និងគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ដាណឺម៉ាកលើកោះ Greenland ដែលជាកោះដែលអាមេរិកចង់បញ្ចូលក្រោមការគ្រប់គ្រងរបស់ទីក្រុងវ៉ាស៊ីនតោន។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជួបជាមួយសមភាគីដាណឺម៉ាក លោក Lars Lokke Rasmussen នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ១៩ ឧសភា ក្នុងអំឡុងពេលនោះ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីបញ្ហាក្នុងស្រុក និងអន្តរជាតិ។
លោក Wang Yi បានបញ្ជាក់ថា «ចិនគោរពយ៉ាងពេញទំហឹងចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសដាណឺម៉ាកលើហ្គ្រីនលែន» ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមម្តងហើយម្តងទៀតថា ក្រុងវ៉ាស៊ីនតោននឹងកាន់កាប់កោះនេះ។
នេះជាលើកទីមួយហើយ ដែលចិនបាននិយាយអំពីបញ្ហាកោះ Greenland ជាកោះស្វយ័តរបស់ប្រទេសដាណឺម៉ាក។ លោក Trump ជឿជាក់ថា សហរដ្ឋអាមេរិកចាំបាច់ត្រូវបញ្ចូលកោះនេះ ដើម្បីផលប្រយោជន៍ជាតិ និងសន្តិសុខ។ គាត់មិនបានច្រានចោលការប្រើកម្លាំងដើម្បីសម្រេចបាននូវគោលដៅរបស់គាត់ទេ ទោះបីជាមេដឹកនាំនៃប្រទេសដាណឺម៉ាក និងហ្គ្រីនឡែនបានប្រកាសម្តងហើយម្តងទៀតថាកោះនេះ “មិនមែនសម្រាប់លក់” ក៏ដោយ។
លោក Wang ក៏បានសម្តែងក្តីសង្ឃឹមថា ទីក្រុង Copenhagen នឹងបន្តគាំទ្រគោលជំហរដែនដីរបស់ចិន ដែលជាក់ស្តែងសំដៅលើបញ្ហាតៃវ៉ាន់។ ប្រទេសចិនធ្លាប់បានរិះគន់ប្រទេសដាណឺម៉ាកសម្រាប់ការធ្វើជាម្ចាស់ផ្ទះអតីតមេដឹកនាំតៃវ៉ាន់ Tsai Ing-wen នៅទីក្រុង Copenhagen កាលពីសប្តាហ៍មុន។
រដ្ឋមន្ត្រីការបរទេសចិនបាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយប្រទេសដាណឺម៉ាក ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការច្នៃប្រឌិតវិទ្យាសាស្ត្រ និងសេដ្ឋកិច្ចបៃតង។ ភាគីទាំងពីរក៏បានឯកភាពលើការការពារពហុភាគីនិយម និងការពារពាណិជ្ជកម្មសេរីផងដែរ។
ហ្គ្រីនលែន ជាកោះមួយដែលមានប្រជាជន ៥៧,០០០នាក់ និងផ្ទៃដីប្រហែល ២,១៦លានគីឡូម៉ែត្រការ៉េ ស្ថិតនៅលើផ្លូវខ្លីបំផុតពីអាមេរិកខាងជើងទៅកាន់អឺរ៉ុប ដែលធ្វើឱ្យវាក្លាយជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ទីក្រុងវ៉ាស៊ីនតោន។ Greenland ក៏មានធនធានរ៉ែដ៏សម្បូរបែបផងដែរ ដែលភាគច្រើនមិនត្រូវបានប្រើប្រាស់៕

ដោយ៖ ធីរីណា(រូបថត៖ AFP)


ចែករំលែក៖