ខេត្តបាត់ដំបង ៖ អាហារដ្ឋានជាច្រើនកន្លែងដែលស្ថិតនៅតាមបណ្តោយដងស្ទឹងសង្កែ ពិសេសអាហារដ្ឋានម្លប់ត្រជាក់ និងអាហារដ្ឋានជំនោរមាត់ស្ទឹងនៅចំណុចភូមិចិន ស្ថិតក្នុងភូមិឡឥដ្ឋ សង្កាត់ព្រែក ព្រះស្តេច ក្រុងបាត់ដំបង បានរងការរិះគន់ ពីប្រជាពលរដ្ឋថា ចោលសំបកដបស្រា បៀរ និងកាកសំណល់ផ្សេងៗចូលទៅក្នុងស្ទឹងតាមអំពើចិត្ត ។
ប្រជាពលរដ្ឋលើកឡើងថា រៀងរាល់ឆ្នាំម្ចាស់អាហារដ្ឋានទាំងឡាយនាំគ្នាសាងសង់ក្យូសបើកជាអាហារដ្ឋានជាច្រើនកន្លែង រំលោភទៅលើស្ទឹង និងចោលសំបកដបស្រា បៀរ កាកសំណល់ផ្សេងៗចូលទៅក្នុងស្ទឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។ ចំណែក អាជ្ញាធរវិញមិនដែលឃើញចុះមកណែនាំឡើយ ។
លោក តោ ហុន ចៅសង្កាត់ព្រែកព្រះ ស្តេចបានប្រាប់ឲ្យដឹងថា ចាំលោកធ្វើលិខិតណែនាំជូនទៅដល់ម្ចាស់អាហារដ្ឋានទាំងនោះ ។
ចំណែកលោក អ៊ុចអ៊ុំ ភីនីស្សារ៉ា ប្រធាន មន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា លោក បានចុះទៅមើលហើយ និងមិនចេញអាជ្ញា ប័ណ្ណឲ្យទេ គឺនៅលើក្រុង និងបរិស្ថានព្រោះទីតាំងទាំងនោះមិនធ្វើតាមការណែនាំរបស់មន្ទីរនោះឡើយ ។
លោក ជួប សារុន ប្រធានមន្ទីរបរិស្ថានខេត្តជុំវិញបញ្ហានេះបានឲ្យដឹងដែរថាហេតុអ្វីបានជាម្ចាស់អាហារដ្ឋានទាំងអស់នោះ មិនទុកដាក់សំបកដប និងកាកសំណល់ឲ្យ បានត្រឹមត្រូវចាំលោកចាត់ឲ្យមន្ត្រីរបស់លោកចុះទៅពិនិត្យមើល ។
រីឯអាជ្ញាធរដែនដី សង្កាត់-ក្រុង ហាក់ដូចជាមើលស្រាលអំពីបញ្ហាបរិស្ថានទើប ម្ចាស់ហាងទាំងនោះបោះសំបកដបស្រា បៀរចោលតាមមាត់ស្ទឹងពាសវាលពាស កាល ដោយយកតែសំបកកំប៉ុងទុកលក់ឲ្យអេតចាយ ៕ ហេង នរិន្ទ្រ