ភ្នំពេញ៖ ក្នុងពិធី សម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត និងគរុ និស្សិតនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនដល់ ក្រសួង អប់រំ ដើម្បី បន្ត រួមចំណែកលើកកម្ពស់គុណភាព និងសមត្ថភាពរបស់វិស័យអប់រំនៅកម្ពុជា ។
អនុសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី មានចំនួន ៤ចំណុច រួមមាន៖
១/ ត្រូវបន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយត្រូវបង្កើន គុណវុឌ្ឍិ គ្រូបង្រៀន ចេញថ្មី និងធ្វើវិក្រឹតការគ្រូបង្រៀនដែលបានចេញបង្រៀនរួចហើយ ដើម្បីអាចឆ្លើយតបបានកាន់តែ ប្រសើរទៅនឹងតម្រូវការនៃការអប់រំ ក្នុងសតវត្សរ៍ទី ២១ និង ការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល រួមទាំងបញ្ញាសិប្បនិម្មិត (AI) និង ដើម្បីបំពេញតាម «ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន» និង «ស្តង់ដា សាលា គរុកោសល្យគំរូ» ។
២/ ត្រូវបន្តពង្រឹងការអនុវត្តវិធីសាស្រ្តថ្មី នៃការបង្រៀន, ការរៀន និង ការ វាយតម្លៃ ដែលអាចជួយឱ្យសិស្ស-និស្សិត អភិវឌ្ឍបំណិន នៃការគិត និង ការដោះស្រាយ បញ្ហាជីវិតប្រចាំថ្ងៃ ប្រកបដោយវិចារណញ្ញាណ និង ភាពច្នៃប្រឌិតខ្ពស់ ។
៣/ ត្រូវបន្តលើក កម្ពស់ សមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល ដល់គ្រូបង្រៀន តាមរយៈ ការបញ្ចូលបច្ចេកវិទ្យា ឌីជីថល ក្នុងការបង្រៀន និង ការរៀន, ការកែលម្អមាតិកាឌីជីថល, ការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល, ការផ្សព្វ ផ្សាយ វេទិកាឌីជីថល ឱ្យបានទូលំទូលាយ និង ការធ្វើទំនើបកម្មការបណ្តុះបណ្តាល នាយក សាលាគ្រប់កម្រិត។
៤/ ត្រូវសហការជាមួយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងមុខងារ សារធារណៈ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តគន្លងអាជីពគ្រូបង្រៀន, នាយក, អ្នក ឯកទេសអប់រំ, និង គ្រូឧទ្ទេស ដើម្បីទាក់ទាញ និង រក្សាគ្រូបង្រៀន, គ្រូឧទ្ទេស ដែលមាន សមត្ថភាព, ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងមានស្នាដៃការងារល្អ ឱ្យនៅក្នុងប្រព័ន្ធ សម្រាប់ការអប់រំ ចំណេះទូទៅ និងការបណ្តុះបណ្តាលគ្រូបង្រៀន ៕
ដោយ ៖ សិលា