ខេត្តបាត់ដំបង៖ តាមប្រភពបានបង្ហើប ឲ្យដឹងកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៦ថា អាជីវករដូរលុយម្នាក់បានចាញ់ បោកបុរសម្នាក់មកដូរលុយអស់ចំនួន៨ ម៉ឺនបាតហើយជនសង្ស័យបានគេចខ្លួន បាត់ដោយសុវត្ថិភាព។ ករណីឆបោកនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិដូង ឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
មន្ត្រីនគរបាលស្រុកកំរៀងបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានគេឆបោក ឈ្មោះ និន សារ៉េត ភេទស្រី អាយុ៦០ឆ្នាំ ជាអាជីវករប្ដូរប្រាក់នៅភូមិ-ឃុំកើតហេតុ ខាងលើ។
មន្ត្រីដដែលបានបញ្ជាក់ថា ជនរងគ្រោះ បានចាញ់បោកជនសង្ស័យអស់ប្រាក់ចំនួន ៨៦.២១៥បាត ហើយបានប្រាក់មកវិញ ចំនួនតែ៩៤ដុល្លារប៉ុណ្ណោះ ។
ជនរងគ្រោះបានឲ្យដឹងទៀតថា នៅមុន ពេលកើតហេតុមានបុរសម្នាក់ជាជនជាតិវៀតណាមបានយកលុយ២.៤៩៩ដុល្លារ មកដូរយកប្រាក់បាតចំនួន៨៦.២១៥ បាត។ ពេលនោះកូនប្រុសរបស់គាត់បានជួយរាប់លុយដែលជនសង្ស័យប្រគល់ឲ្យ រីឯគាត់ជាអ្នករាប់លុយបាត ។ ជនរងគ្រោះ បានបន្តថា ពេលរាប់លុយរួចហើយជន សង្ស័យបានជិះម៉ូតូចេញទៅបាត់ ចំណែក ពួកគាត់បានរាប់លុយម្តងទៀត ស្រាប់តែ ឃើញមានតែ៩៤ដុល្លារប៉ុណ្ណោះក្នុងនោះមានក្រដាស១ដុល្លារចំនួន៤៤សន្លឹក និង ក្រដាស៥០ដុល្លារមួយសន្លឹកទើបបង្កឲ្យ មានការភ្ញាក់ផ្អើលហើយក៏ទៅប្តឹងសមត្ថ កិច្ចដើម្បីឲ្យជួយធ្វើអន្តរាគមន៍ ។
បើតាមការអះអាងរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានឲ្យដឹងថា សកម្ម ភាពឆបោកប្រាក់តាមវិធីសាស្រ្តថ្មីនេះបាន កើតឡើងម្តងរួចមកហើយកាលពីអំឡុង២ ខែមុននៅក្រុងបាត់ដំបង។ ក្នុងនោះជន ជាតិវៀតណាម២នាក់បានប្រើល្បិចយកប្រាក់ចំនួន១.៧០០ដុល្លារទៅដូរយកប្រាក់ខ្មែរនៅកន្លែងវេរប្រាក់វីង ហើយបានដាក់ប្រាក់ក្នុងកញ្ចប់ដូចគ្នាឲ្យអាជីវកររាប់ ប៉ុន្តែ ក្រោយពេលជនសង្ស័យជិះម៉ូតូចេញបាត់ ស្រាប់តែឃើញប្រាក់ត្រឹមតែ១៧ដុល្លារ ប៉ុណ្ណោះ ។
មន្ត្រីនគរបាលស្រុកកំរៀងបានអំពាវនាវឲ្យអាជីវករប្ដូរប្រាក់ ផ្ទេរប្រាក់និងកន្លែង លក់ដូរគ្រឿងអលង្ការផ្សេងៗគួរតែមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ព្រោះបច្ចុប្បន្នមានជនខិលខូចមួយចំនួនបាននិងកំពុង រកគ្រប់វិធីដើម្បីបោកគ្រប់រូបភាព។
បច្ចុប្បន្នករណីនេះកម្លាំងសមត្ថកិច្ចស្រុកកំរៀងកំពុងស្រាវជ្រាវនិងព្យាយាមតាម ចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕ សហការី