ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានអណ្តើកនិងពស់ជិត៤០០គីឡូបម្រុងលោតឆត្រទៅប្រទេសជិតខាង

ចែករំលែក៖

ខេត្តកណ្តាល ៖ សមត្ថកិច្ចនិងគយប្រចាំច្រកទ្វារជ្រៃធំបានចាប់សត្វនិងពស់ ដែលឈ្មួញទុច្ចរិកបម្រុងដឹក ទៅលក់ដែលគេសង្ស័យថា នៅប្រទេសជិតខាង ត្រូវបានបង្ក្រាប ប៉ុន្តែឈ្មួញកណ្តាលដែលតកស៊ីរបរខុស ច្បាប់នេះ ទំនងជាដឹងខ្លួនមុន ក៏បានរត់គេចខ្លួនបាត់តែម្តង។

ករណីបង្ក្រាបសត្វអណ្តើក និងពស់ខាងលើនេះបានធ្វើឡើងកាលពីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្លូវលេខ២១B ចំណុចស្ពានទិ៧៣ ក្នុងភូមិលេខ៥ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកំកណ្តាល។

លោក មួង ដារ៉ា ប្រធានច្រកទ្វារទ្វេភាគីជ្រៃធំបានប្រាប់ឲ្យដឹងថា សត្វដែលបង្ក្រាបបានអណ្តើកមាន ចំនួន២៤៣ក្បាល សត្វពស់ចម្រុះ១២៤ក្បាល សរុបទម្ងន់ប្រមាណជិត៤០០គីឡូក្រាម។ សត្វអណ្តើកនិងពស់ ដែលបង្ក្រាបបាននេះ ឈ្មួញបានដឹកតាមរថយន្តនីសាន់ ព័ណ៌ប្រផេះ ពាក់ស្លាកលេខ 2E-5703។

លោកបញ្ជាក់ថា សត្វអណ្តើកនិងពស់ដែលរឹបអូសបាននេះ នៅព្រឹក ថ្ងៃទី១៥ ខែកញ្ញា ខាងលោក បានប្រគល់ឲ្យខាងមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បំណងយកទៅព្រលែង។

បើតាមមន្ត្រីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឲ្យដឹងថា សត្វអណ្តើកនិងពស់ចម្រុះ ដែលខាងគយនិង សមត្ថកិច្ចប្រគល់ឲ្យនេះ គ្រោងនឹងយកទៅព្រលែង នៅក្នុងតំបន់ព្រៃបឹងធម្មជាតិនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦៕ ស្អាង ជ័យ

 

4 3 1 5


ចែករំលែក៖