ភ្នំពេញ៖ ស្នាដៃបទចម្រៀងនិងខ្សែវីដេអូថ្មីជាប្រភេទសាច់រឿងរបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេគឺកញ្ញា យូរី បានចេញជាផ្លូវការហើយជាមួយនឹងសន្ទុះនៃការចាប់អារម្មណ៍ខ្លាំង។ ស្នាដៃថ្មីនេះត្រូវ បានគេរំពឹងថានឹងធ្វើឲ្យប្រជាប្រិយភាពតារាចម្រៀងរូបនេះកាន់តែហក់ឡើង។
អស់រយៈពេល៤ឆ្នាំហើយដែលតារា ចម្រៀងវ័យក្មេងកញ្ញាយូរីបានប្រឡូកក្នុងអាជីពសិល្បៈ។ ទោះមិនទាន់ឡើងដល់ កម្រិតកំពូលក៏តារាស្រីវ័យ២០ឆ្នាំរូបនេះអាចស្រូបបានអ្នកគាំទ្រច្រើនពិសេសក្រុមយុវវ័យ។
តារាស្រីរូបនេះបញ្ជាក់ថាកន្លងមកអ្នកគាំទ្រនាងច្រើនតែនិយមចូលចិត្តបែបបទនៃការក្រមិចក្រមើម Cute Cute ប៉ុន្តែថ្មីៗ នេះស្របតាមការសំណូមពររបស់អ្នកគាំទ្រ និងចង់ផ្លាស់ប្តូររសជាតិនៃការច្រៀងនិងសម្តែងនាងនិងផលិតកម្មបានសម្រេចចិត្តផលិតបទចម្រៀងនិពន្ធទេភ្លេងថ្មីនិងបទ ចម្រៀងមនោសញ្ចេតនាជាមួយនឹងសាច់រឿងបែបវែងបន្តគ្នាមួយឈ្មោះថា”ខ្សែជីវិត” ដែលមានបទចម្រៀងនាងច្រៀង៤បទមានដូចជាបទ”ចង់បោះបង់មកពីឈឺចាប់” “Happy Birthday សង្សារចាស់” “ទ្រូងឆ្វេងនៅស្រលាញ់ ទ្រូងស្តាំស្អប់បង” និងបទ”ចេះMake Up ក្រោយពេលបែក បង” ដែលសុទ្ធតែទទួលបានការគាំទ្រច្រើនពីទស្សនិកជនក្រោយពីចេញជាស៊ីឌីកន្លងមក។
នាងបញ្ជាក់ដែរថា ការថតបទចម្រៀងជាប្រភេទសាច់រឿងនេះមានការលំបាកខ្លាំងហើយក៏មានឈុតឆាកខ្លះប្រឈមនឹង គ្រោះថ្នាក់ដែរដូចជាឈុតដែលនាងថតនៅជិតមាត់ជ្រោះជាដើម។ ទោះជាយ៉ាងណានាងសប្បាយចិត្តដែលស្នាដៃសិល្បៈចុងក្រោយនេះលេចចេញជារូបរាងនិងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ នាង ថា បទចម្រៀងនេះបានផលិតចេញជា ប្រភេទខ្សែរឿងដែលបានសម្រិតសម្រាំង ថតពីផលិតករមានបទពិសោធន៍នៅផលិតកម្មសាន់ដេផ្ទាល់ ហើយនាងសង្ឃឹមថានឹងទទួលបានជោគជ័យខ្លាំងនៅពេលចេញលក់នៅលើទីផ្សារ។
គួរបញ្ជាក់ដែរថា បទចម្រៀងនេះដឹកនាំ សម្តែងដោយលោក RED និងចូលរួម សម្តែងដោយកញ្ញាយូរីផ្ទាល់ រួមជាមួយនឹងតារាសម្តែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀតដូចជាកញ្ញា ហេង ស្រីពេជ្រជាដើម ៕ វឌ្ឍនា