ខេត្តស្វាយរៀង ៖ តំណាងអាជីវករលក់ ដូរខាងក្នុងផ្សារវាលយន្តប្រមាណ ជាង ១០នាក់បានលើកគ្នាមកតវ៉ាដល់មុខសាលាខេត្តស្វាយរៀងដើម្បីដាក់ពាក្យបណ្ដឹងមានទាំងស្នាមមេដៃ២៩នាក់តវ៉ាពីរឿងលក់ដូរមិនដាច់ព្រោះថាអ្នកលក់នៅខាងក្នុងខ្លះនាំគ្នាចេញមកលក់នៅខាងក្រៅថែមទាំងយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរយ៉ាងសប្បាយរីក រាយនិងធ្វើឲ្យស្ទះចរាចរណ៍គ្មានផ្លូវចូល ផ្សារ ។
បើតាមតំណាងក្រុមអាជីវករបានឲ្យដឹងថា បានជាពួកគាត់នាំគា្នមកតវ៉ាព្រោះពួកគាត់លក់មិនដាច់ព្រោះអាជីវករមួយចំនួនបាននាំគ្នាចេញមកលក់ខាងក្រៅនៅលើ ចិញ្ចើមផ្លូវយ៉ាងអនាធិបតេយ្យ ហើយពួកគាត់លក់ខាងក្នុងស្ងាត់ដូចយប់គ្មានភ្ញៀវ ចូលមកទិញដល់កន្លែងពួកគាត់ទេ ព្រោះអ្នកលក់មួយចំនួនចេញទៅក្រៅលក់លើ ដងផ្លូវជុំវិញផ្សារហើយនៅខាងក្នុងវិញគឺស្រឡះគ្មានអ្នកលក់ទេ ។ ពួកគាត់មួយចំនួន ដែលជាអ្នកគោរពច្បាប់មិនហ៊ានចេញទៅ លក់នៅខាងក្រៅនោះទេ ហើយអាជ្ញាធរ បានចុះរៀបចំជាញឹកញាប់ដែរតែអាជីវករមួយចំនួននេះមិនគោរពច្បាប់ចង់និយាយម៉េចក៏និយាយទៅពួកគេមិនស្ដាប់ឡើយ ។
ប្រភពខាងលើបានបន្តទៀតថា អាជីវករទាំងអស់ទោះបីជាលក់ដាច់ឬមិនដាច់ក៏ដោយអ្នកម៉ៅការភាស៊ីយកមិនចុះមួយកាក់មួយសេនទេ គឺពួកគាត់បង់ជូនជារៀងរាល់ថ្ងៃមិនដែលខានឡើយ ។ អ៊ីចឹងហើយបានជាពួកគាត់នាំគ្នាទៅតវ៉ាដល់សាលាខេត្តសុំឲ្យលោកអភិបាលខេត្តជួយអន្តរាគមន៍ចុះទៅរៀបចំសណ្ដាប់ឆ្នាប់និងកៀរគរអាជីវករ ឲ្យចូលមកលក់ខាងក្នុងទាំងអស់គ្នាវិញ ទោះបីលក់ដាច់ឬមិនដាច់ក៏ពួកគាត់អស់ ចិត្តដែរ ។
ប្រភពដដែលបានបន្តថាបច្ចុប្បន្នរឿង សំរាមដែលលោកស្រី សូ ថាវី ជាមេម៉ៅការ ភាស៊ីឲ្យអាជីវករនាំគ្នាយកសំរាមទៅចាក់លើ ដងផ្លូវសាធារណៈធ្វើឲ្យប៉ះពាល់ដល់អ្នក ធ្វើដំណើរ និងផ្ទះជួរសងខាងតាមដងផ្លូវធុំ ក្លិនស្អុយពិបាកទ្រាំធ្វើឲ្យប៉ះពាល់ដល់សុខ ភាពអ្នកដទៃ ។ ដូច្នេះសូមឲ្យអាជ្ញាធរជួយ ចុះពិនិត្យមើលផង ។
តាមលោកសំ ប៊ុណ្ណារិន អភិបាលរង ខេត្តស្វាយរៀងបានឲ្យដឹង នៅព្រឹកថ្ងៃ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦បានថា ចំពោះរឿងអាជីវកដាក់ពាក្យបណ្ដឹងតវ៉ាគ្នា នោះលោកក៏បានទទួលនិងចូលរួម ចំណែកជាមួយនឹងក្រុមការងារគណៈកម្ម ការចុះទៅដោះស្រាយនិងរៀបចំសណ្ដាប់ ឆ្នាប់តាមបែបផែនតាមច្បាប់មិនឲ្យបងប្អូន អាជីវករចេះតែនាំគ្នាមកលក់ដូរពាសពេញ លើដងផ្លូវសាធារណៈទៀតទេ ។ បញ្ហា នេះលោកក៏បានសំណូមពរដល់អាជីវករទាំងអស់ដែលមានតូបនៅក្នុងផ្សារត្រូវ ចូលទៅលក់ក្នុងផ្សារវិញ ឯអ្នកដែលមិន មានតូបនៅខាងក្នុងប្រធានគណៈកម្មការនឹងរៀបចំឲ្យពួក គាត់មានតូបលក់នៅខាងក្នុងទាំងអស់គ្នា ៕ យឹម សុថាន