ខេត្តមណ្ឌលគិរី ៖ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី និងជាប្រធានកាយឫទ្ធិកម្ពុជាបាន ប្រកាសក្នុងពិធីសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ ក្រុង និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទូទាំងខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលាខេត្តមណ្ឌលគិរីប្រកាសតែងតាំងប្រធានក្រុមការងារថ្មី របស់រាជរដ្ឋាភិបាលប្រចាំខេត្តមណ្ឌលគិរី ដោយសម្រេចតែងតាំងលោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធាន ជំនួសឲ្យលោក អឹុម ឈុនលឹម ដែលត្រូវបាន ជ្រើសតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
នៅក្នុងកិច្ចប្រជុំដដែលនោះលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល ខេត្តមណ្ឌលគិរីបានរាយការណ៍អំពីស្ថានភាពទូទៅរបស់ខេត្តមណ្ឌលគិរីដែលជា ខេត្តស្ថិតនៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងនោះរបាយការណ៍ បានបង្ហាញពីការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ, វិស័យឧស្សា ហកម្ម, ទេសចរណ៍, អប់រំ និងវិស័យកសិ កម្មជាដើម ។
ដោយឡែកក្នុងវិស័យទេសចរណ៍ក្នុង របាយការណ៍បានឲ្យដឹងថា ខេត្តមណ្ឌល គិរីមានរមណីយដ្ឋានវប្បធម៌ចំនួន២កន្លែង, រមណីយដ្ឋានទឹកធ្លាក់ ទឹកជ្រោះចំនួន១៥ កន្លែង ដែលអាចទាក់ទាញភ្ញៀវទេសចរ មកទស្សនាកើនឡើងជារៀងរាល់ឆ្នាំដោយគិតត្រឹមខែសីហា ឆ្នាំ២០១៦ មានភ្ញៀវ ទេសចរមកទស្សនាចំនួន១០៤.១៤១ នាក់ ក្នុងនោះទេសចរជាតិ៩៩.៥៧៥នាក់ និងទេសចរអន្តរជាតិ៤.៥៦៦នាក់ ។
ពាក់ព័ន្ធនឹងវិស័យអប់រំនៅទូទាំងខេត្តមានសាលារៀនសរុបចំនួន១២១សាលា ក្នុងនោះសាលារៀននិងទីចាត់ការដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធ បណ្ឌិតមានចំនួន២៨ខ្នង ស្មើនឹង១៣៨ បន្ទប់ ក្នុងនោះអគារសាលារៀន២៥ខ្នង ស្មើនឹង១២៩បន្ទប់ ដែលមានបឋមសិក្សា ១៥ខ្នង ស្មើនឹង៧១បន្ទប់, អនុវិទ្យាល័យ៦ ខ្នង ស្មើនឹង៣៤បន្ទប់, វិទ្យាល័យ៤ខ្នង ស្មើ នឹង២៤បន្ទប់ និងអគារទីចាត់ការ៣ខ្នង ស្មើនឹង៩បន្ទប់ ៕ ហេង សូរិយា