ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម បើកកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍សមាគមពិនិត្យលទ្ធផលការងាររយៈពេល៩ខែក្នុងឆ្នាំ២០១៦ និងលើកទិសដៅការងារបន្ត

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនបានបើកកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍សមាគមពិនិត្យលទ្ធផលការងាររយៈពេល ៩ខែក្នុងឆ្នាំ២០១៦ និងលើកទិសដៅការ ងារបន្តដើម្បីជួយឲ្យការរស់នៅរបស់អតីត យុទ្ធជនក៏ដូចជាក្រុមគ្រួសារកាន់តែមាន ភាពល្អប្រសើរ ។

របាយការណ៍របស់សមាគមអតីតយុទ្ធជនបានឲ្យដឹងថា រយៈពេល៩ខែឆ្នាំ២០១៦ នេះថ្នាក់ដឹកនាំសមាគមបានចុះជួបសំណេះ សំណាលជាមួយសមាជិកសមាគមអតីត យុទ្ធជននៅតាមរាជធានី-ខេត្តចំនួន ៣៨.១៣៧នាក់ នៃចំនួនសរុប ៧១.៩៨០នាក់ ដោយចំណាយថវិកាជិត ២ពាន់លានរៀល ។ រយៈពេល៩ខែនេះ សមាគមបានបើកថវិកាបេឡាមរណៈ សង្រ្គោះជូនគ្រួសារសមាជិកនៃសមាគមបានចំនួន១.០៤៦សព ក្នុងនោះថវិកា របស់សមាគមរាជធានី ខេត្ត៦៩២សព ថវិកាសម្តេចតេជោហ៊ុន សែន និងជា ប្រធានសមាគមអតីតយុទ្ធជនចំនួន ១៥០សព និងថវិកាសប្បុរសជន២០៤ សព ។
ចាប់ពីឆ្នាំ២០០៧មកដល់ ខែសីហា ឆ្នាំ២០១៦សមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់ថវិកាបេឡាមរណៈសង្រ្គោះជូន គ្រួសារសពសមាជិកសមាគមបានចំនួន ៨.៧៤៦សព ។

របាយការណ៍របស់សមាគមអតីត យុទ្ធជនបានឲ្យដឹងទៀតថា សមាគមបានចុះបើកប្រាក់ធានារ៉ាប់រងសង្គមដល់លំនៅឋានគ្រួសារសពសមាជិកនៅតាមរាជធានី ខេត្តបានចំនួន២.៩៤៥នាក់ ស្មើនឹង ទឹកប្រាក់ជាង១៤ពាន់លានរៀល (១៤. ២៣៣.១៣៨.៤៤៥រៀល) នៅសល់ ៥៧១នាក់ទៀត ស្មើនឹងថវិកាជាង៣ពាន់ លានរៀល (៣.៤៦៥.៩៤០.៦៦០រៀល) ដែលនឹងត្រូវបើកបន្តនៅក្នុងខែតុលា ៣៥៥នាក់ និងខែវិច្ឆិកា២១៦នាក់ ។

ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៦នេះ សមាគមបានសាងសង់អគារសិក្សា១ខ្នង ៦បន្ទប់ និងផ្ទះចំនួន១៥០ខ្នង នៅមណ្ឌល អភិវឌ្ឍន៍៣១៧តេជោភ្នំឆត្រ និងសង់ផ្ទះ ជូនសមាជិកសមាគមទ័លក្រ មានជម្រក ស្នាក់នៅមិនសមរម្យចំនួន៧៧ខ្នង ដែល ជាអំណោយរបស់សម្តេចតេជោចំនួន ៧៥ខ្នង និងសប្បុរសជនចំនួន២ខ្នង ។

ក្នុងកិច្ចប្រជុំថ្ងៃនេះនាយឧត្តមសេនីយ៍ គន់ គីម បានជំរុញដល់គណៈអចិន្ត្រៃយ៍ សមាគមបន្តអនុវត្តអនុសាសន៍របស់ សម្តេចតេជោ១៤ចំណុច និង៥ចំណុច និងបន្តជំរុញ បញ្ចប់ការងារបូកសរុបលទ្ធ ផលបច្ចុប្បន្នភាពសមាជិកសមាគម ។
នាយឧត្តមសេនីយ៍អគ្គលេខាធិការ ក៏បានជំរុញការងារសាងសង់ផ្ទះជូនយោធិនពិការ និងសាលារៀន១ខ្នងនៅមណ្ឌល ភ្នំឆត្រ និងស្រាវជ្រាវពិនិត្យលទ្ធភាពសាងសង់ផ្ទះជូនអតីតយុទ្ធជនដែលគ្មានផ្ទះស្នាក់នៅសមរម្យ ។

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានស្នើទៅដល់គណៈអចិន្ត្រៃយ៍សមាគមបន្តចុះជួបសំណេះសំណាលដោយផ្ទាល់ជា មួយសមាជិកសមាគមនិងគ្រួសារនៅតាមរាជធានី-ខេត្ត ដើម្បីលើកទឹកចិត្តដល់ពួក គាត់ ។ ជាពិសេសបានដឹងពីសុខទុក្ខ និងដោះស្រាយ ផលលំបាករបស់សមាជិក សមាគម ក៏ដូចជាក្រុមគ្រួសារឲ្យកាន់តែមានប្រសិទ្ធភាព ។ បច្ចុប្បន្នសមាគមអតីតយុទ្ធជនមានសមាជិកនៅតាមបណ្តាខេត្ត ទាំង២៤ ចំនួន៥៩.៨៦៤នាក់ ៕ ហេង សូរិយា

kun-kim-3 kun-kim-2 kun-kim-1


ចែករំលែក៖