ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​២​នាក់​ដើរ​ទៅផ្ទះពេល​យប់ត្រូវក្មេងទំនើង១​ក្រុមជិះម៉ូតូយក​ដុំ​ថ្ម​គប់​បណ្ដាលឱ្យស្លាប់​ម្នាក់​

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​យុវជន​២​នាក់​ដើរ​ពេល​យប់​ ត្រូវក្មេង​ទំនើង​១​ក្រុម​មាន​គ្នា​៤​នាក់​យក​ដុំ​ថ្ម​គប់​ចំ​កណ្តាល​ទ្រូង​បណ្តាល​ឱ្យស្លាប់​ម្នាក់​ភ្លាម​ៗ​នៅនឹង​កន្លែង​កាលពី​យប់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៥​ក្នុងភូមិ​ដូន​មូល ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ ឌី ទាវ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ឱ្យដឹងថា​ ​ជន​រង​គ្រោះ​ឈ្មោះ ប៉ុក សុខ​នី ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ ​​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

លោក​បាន​បញ្ជាក់​ថា ​យុវជន​២​នាក់​ដើរ​ពេល​យប់​ត្រឡប់ទៅ​ផ្ទះ ស្រាប់តែ​មាន​ក្មេង​ទំនើង​១​ក្រុម​ជិះម៉ូតូ​៣​គ្រឿង​មាន​គ្នា​៤​នាក់ បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ជន​រង​គ្រោះ​ដែល​កំពុង​ដើរ​ថ្មើ​រជើង​តាម​ផ្លូវ​បណ្តាល​ឱ្យ​ត្រូវម្នាក់រត់​បាន​២០​ម៉ែត្រ​ដួល​សន្លប់​បាត់​មាត់បាត់ក ​ចំណែក​ក្មេង​ទំនើង​បាន​បើក​ម៉ូតូ​គេចខ្លួន​អស់ ។ ដោយឡែក​មិត្តភក្តិ​ដែលដើរ​ជាមួយជនរងគ្រោះរ​ត់ទៅ​គ្រាហ៍ជនរងគ្រោះ​ និងស្រែកឱ្យ​​អ្នក​ជិតខាង​ជួយ លុះពេលអ្នកជិតខាង​ចេញ​មក​មើល ​ជនរងគ្រោះ​​បាន​ដាច់ខ្យល់​ស្លាប់​​បាត់ទៅហើយ ។

លោក​វរសេនីយ៍ទោ ឌី ទាវ បាន​បញ្ជាក់​ថា ក្រោយ​ទទួល​បានព័ត៌មាន​នេះ អាជ្ញាធរ​និងកម្លាំង​ប៉ុស្តិ៍​នគនរបាលរហាត់​ទឹកបាន​ចេញ​ទៅ​ដល់ តែក្មេង​ទំនើង​ដែល​បង្ក​ហេតុបានគេចខ្លួន​បាត់អស់​ នៅសល់​តែ​ជន​រង​គ្រោះ​ ។

ក្រោយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​ទៅ​ដល់​ពិនិត្យ​ជន​រង​គ្រោះ​បាន​ស្លាប់​ដោយ​ត្រូវ​ដុំ​ថ្ម​គប់​ចំ​ទ្រូង​បណ្តាល​ឱ្យស្លាប់​ភ្លាម​ៗ និង​​ប្រគល់​សាកសព​យុវជន​រង​គ្រោះ​ជូន​សាច់​ញាតិយក​ទៅ​ធ្វើបុណ្យ ហើយ​កម្លាំង​ជំនាញ​បានធ្វើការស្រាវជ្រាវ​រហូតឃាត់ខ្លួន​ជនសង្ស័យ​បាន៣​នាក់​នាំ​យក​មកសាកសួរ​និង​អនុវត្ត​តាម​នីតិវិធី​និង​ស្រាវជ្រាវ​តាមចាប់ខ្លួន​ជន​ជនសង្ស័យ​បន្ត​ដើម្បី​អនុវត្តតាម​ច្បាប់​ ៕

ដោយ៖ សូរិយា


ចែករំលែក៖