ព័ត៌មានទាន់ហេតុការណ៍៖

ស្រូវស្រែប្រជាពលរដ្ឋនៅឃុំចំនួន៣ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រងការជន់លិចដោយជំនន់ទឹកភ្លៀង

ចែករំលែក៖

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​ស្រូវស្រែរបស់ប្រជាពលរដ្ឋនៅឃុំចំនួន៣ក្នុងស្រុកថ្មពួកខេត្តឧត្តរមានជ័យបានរងការជន់លិចដោយសារជំនន់ទឹកភ្លៀងធ្លាក់កាលពីប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។ ជំនន់​ទឹកភ្លៀង​ធ្លាក់​ពីតាមព្រំដែន​ បានបណ្តាលឱ្យ​​ប៉ះពាល់​៣​ឃុំ​ ជន់លិច​ស្រូវ​ប្រជា​កសិករ​ជា​ច្រើន​ហិ​កតារ​ហូត​ដល់​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៥​នៅ​ស្រុក​ថ្មពួក​។

លោក គឹ​ម នី មេឃុំ​គំរូ​បាន​ប្រាប់​ថា​ ទឹកជំនន់​ដែល​ធ្លាក់​ពី​ព្រំដែន​ដែល​ជា​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​និង​ប៉ះពាល់​ស្រូវ​ប្រជា​កសិករ​ជា​ច្រើន​ហិ​កតា​ រយៈពេល​៣​ទៅ​៤​ថ្ងៃ​មក​ហើយ​ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​មេ​រហូត​មកដល់ពេល​នេះ​ទឹកបាន​ស្រក​ក្នុង​កម្រិត​តិច​បំផុត​បើសិនជា​ទឹកភ្លៀង​នៅ​បន្ត​ធ្លាក់​អាច​ប៉ះពាល់​ខូចខាត​ធ្ងន់ធ្ងរ​ជាង​នេះ​។ រហូតមកដល់ពេលនេះ មិនមានភ្លៀងទៀតទេ បើមានភ្លៀងទៀតនោះស្រូវស្រែត្រូវប្រឈមនឹងហានិភ័យ។

លោក នៃ ពៅ មេឃុំ​គោក​រមៀត​បាន​បញ្ជាក់​ថា​ ​នៅក្នុងមូលដ្ឋានរបស់លោក មាន​៣​ទៅ​៤​ភូមិ​ដែល​ស្រូវ​ប្រជា​កសិករ​ត្រូវ​បាន​លិច​ទឹក​ប្រមាណ​២០​ទៅ​៣០​ហិ​កតា​ដែល​លិច​២​ទៅ​៣​ថ្ងៃ​មក​ហើយដោយ​ជំនន់​ទឹកភ្លៀង​និង​ទឹក​ហូរ​ពី​ព្រំដែន​បង្ក​អោយ​មានការ​លិចលង់​នៅ​តំបន់​ទំនាប ​បើសិនជា​គ្មាន​ភ្លៀង​បន្ត​អាច​រយៈពេល​៣​ថ្ងៃ​អាច​ស្រក​អស់​ព្រោះ​ពេល​នេះ​នៅ​បន្ត​មាន​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ​ ។

លោក លីវ សុ​គុណ មេឃុំ​ថ្មពួក​បាន​បញ្ជាក់​ថា​ ឃុំ​ថ្មពួក​ទើប​ប៉ះពាល់​ដំណាំ​កសិកម្ម​តិចតួច ព្រោះ​ជំនន់​ទឹកភ្លៀង​ពី​ផ្នែក​ខាងលើ​មាន​ឃុំ​គោក​រមៀត ឃុំ​គំរូ ធ្លាក់​មក​ផ្នែក​ខាងក្រោម តែ​មិន​ទាន់​ធ្ងន់ធ្ងរ​នៅឡើយ​ទេ​ ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​បើក​ប្រព័ន្ធ​ទឹក​ដើម្បី​រំដោះ​ទៅ​ផ្នែក​ខាងក្រោម​កុំឲ្យប៉ះពាល់​ដល់​ដំណាំ​ប្រជា​កសិករ​ធ្ងន់ធ្ងរ​ ៕

ដោយ៖ សូរិយា


ចែករំលែក៖