ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យគន្ធបុប្ជា៖ កុមារ១៥នាក់ទទួលបានការវះកាត់ រួមមានជម្ងឺដុំសាច់ខួរក្បាល៧ករណី,ជម្ងឺដុំសរសៃ ឈាមក្នុងខួរក្បាល (Malformation arterioveneuse)៦ករណីនិងការបាក់ឆ្អឹងកងក ០២ករណី

ចែករំលែក៖

ភ្នំពេញ៖ បេសកកម្មផ្នែកវះកាត់ខួរក្បាលនិងប្រព័ន្ធប្រសាទកុមារនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផាសៀមរាប)ត្រូវបានបញ្ចប់ប្រកបដោយជោគជ័យក្នុងរយៈពេលមួយសប្តាហ៍ពេញពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ របស់ក្រុមគ្រូពេទ្យឯកទេសបារាំងផ្នែកវះកាត់ខួរក្បាលនិងប្រព័ន្ធប្រសៃប្រសាទកុមារដែលដឹកនាំដោយលោកសាស្ត្រាចារ្យ Didier Scavarda និងសហការីរបស់លោករួមមាន លោកសាស្ត្រាចារ្យ J.Beaurain, I.Curt, S Seltzer និង P.Thouant ព្រមទាំងមានការសហការជាមួយនឹងក្រុមគ្រូពេទ្យឯកទេសផ្នែកវះកាត់ខួរក្បាលនិងប្រព័ន្ធប្រសាទកុមារនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧និងមន្ទីរពេទ្យគន្ធបុប្ផាដែលដឹកនាំដោយលោកវេជ្ជបណ្ឌិតឯកទេស វ៉ែន រតនៈ និង លោកវេជ្ជបណ្ឌិតឯកទេស គង់ វុទ្ធី។ 

អំឡុងបេសកកម្មនេះមានកុមារចំនួន១៥នាក់បានទទួលការវះកាត់ ដែលក្នុងនោះរួមមានជម្ងឺដុំសាច់ខួរក្បាល ០៧ ករណី, ជម្ងឺដុំសរសៃឈាមក្នុងខួរក្បាល (Malformation arterioveneuse) ០៦ ករណី និង ការបាក់ឆ្អឹងកងក ០២ករណី។ លើសពីនេះទៀត យើងក៏បានការធ្វើតេស្តវេជ្ជសាស្ត្រមើលពីរចនាសម្ព័ន្ធសរសៃឈាមខួរក្បាល (Angiographie cérébrale) លើកដំបូងគេបង្អស់នៅកម្ពុជាក្នុងបេសកកម្មលើកនេះផងដែរ។

រាល់ការព្យាបាលរបស់កុមារទាំងអស់គឺដោយឥតគិតថ្លៃ និង គ្មានការរើសអើង៕

ដោយ៖ សូរិយា


ចែករំលែក៖