ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាលើកតម្លៃស្រូវរបស់កសិករដោយបញ្ចេញថវិកាយ៉ាងតិច២០លានដុល្លារ រួមជាមួយទុននៃផ្នែកផ្សេងទៀតដើម្បីគាំទ្រលើតម្លៃស្រូវកម្ពុជា ។
សម្តេចតេជោហ៊ុន សែន នៅរសៀលថ្ងៃទី១៦ ខែកញ្ញា បានថ្លែងនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា៖ «ដោយសារមួយរយៈពេលកន្លងទៅនេះ តម្លៃស្រូវ និងកសិផលរបស់ប្រជាពលរដ្ឋ មិនថា តែនៅកម្ពុជាទេ គឺនៅប្រទេសដទៃ ក៏មានការធ្លាក់ចុះផងដែរ ហើយជាពិសេស មួយរយៈពេលចុងក្រោយនេះ គឺតម្លៃស្រូវនៅកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំង ។
ខ្ញុំបានពិនិត្យយ៉ាងយកចិត្តទុកដាក់ ចំពោះកង្វល់របស់ប្រជាពលរដ្ឋ ។ កាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានបញ្ជាទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ឋ ដែលបានរៀបចំការប្រជុំរកដំណោះស្រាយលើបញ្ហានេះ ។ នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានរកឃើញនូវវិធានការចាំបាច់មួយចំនួន ដើម្បីដាក់ចេញជួយអន្តរាគមន៍ជួយលើកតម្លៃស្រូវរបស់កសិករ ក្នុងនោះរួមទាំងការបញ្ចេញថវិកាយ៉ាងតិច២០លានដុល្លារដើម្បីរួមជាមួយទុននៃផ្នែកផ្សេងទៀតដើម្បីគាំទ្រលើតម្លៃស្រូវ ។
នៅពេលបន្តិចទៀតនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចេញសេចក្តីថ្លែងការលើដំណោះស្រាយតម្លៃស្រូវដើម្បីជួយសម្រួលជូនបងប្អូនប្រជាកសិករនៅទូទាំងប្រទេស ។
ទន្ទឹមនឹងវិធានការជាបន្ទាន់នេះ គឺនឹងមានវិធានការរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីគាំទ្រដល់វិស័យកសិកម្មកម្ពុជាផងដែរ។
សូមបងប្អូនប្រជាកសិករជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា» ៕