ភ្នំពេញ៖ បុរសម្នាក់បានយកស្នេហាពិតរបស់ខ្លួនមកលេងសើច រហូតដល់មានប្រើហិង្សាផងនោះ លុះចុងក្រោយ ពេលបែកការណ៍ ខាងស្រីបានដោះដៃលែងលះគ្នាមែនទែន ធ្វើឲ្យទឹកភ្នែកជូតក្បាលជង្គង់ ។
ដោយសារស្រឡាញ់ប្រពន្ធខ្លាំងពេក បុរសម្នាក់ ផឹកស៊ីស្រវឹងបែកគំនិត មិនទុកចិត្តប្រពន្ធ ថា ស្មោះនឹងខ្លួន បែរជាទៅឲ្យមិត្តភក្តិ សម្តែងឆាកល្ខោន ទៅសុំស្នេហ៍ប្រពន្ធខ្លួនឯង ហើយប្តីឃើញ រត់ចេញទៅវាយប្រពន្ធទ្រមខ្លួន ប្រពន្ធខឹងចិត្ត សុំផ្តាច់ចំណងស្នេហានឹងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ស្ថិតនៅផ្ទះជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រោយមក ទើបបុរសជាប្តីសារភាពថា ជាការសម្តែងឆាកល្ខោន ។
បុរសដែលមិនទុកចិត្តប្រពន្ធ មានឈ្មោះ ទ្បេង វុធ អាយុ៣១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិកើតហេតុខាងលើ ចំណែកស្រ្តីជាប្រពន្ធ មិនបាន ប្រាប់ឈ្មោះ មានកូនប្រុសម្នាក់ អាយុជាងមួយខួប ។
ប្រភពព័ត៌មានបាននិយាយថា មុនពេលកើតហេតុ ប្តីរបស់នាង បាននាំមិត្តភក្តិម្នាក់ មកផឹកស៊ីនៅបន្ទុប់ជួល របស់នាង ខណៈពេលផឹកស៊ីស្រវឹងស្រឿងៗ បុរសជាប្តីមិនទុកចិត្តប្រពន្ធ បាននិយាយជាមួយមិត្តភក្តិ អោយសម្តែងឆាកល្ខោន លួងលោមស្នេហា ជា មួយ ប្រពន្ធរបស់ខ្លួន ចំណែករូបគាត់ ចេញទៅក្រៅទិញស្រាថែម ប៉ុន្តែធាតុពិត ប្តីរូបនោះមិនបាន ទៅទិញស្រាទេ គឺនៅលួចស្តាប់ ពីខាងក្រៅបន្ទប់ជួល ។
បន្ទាប់ពីបុរសជាប្តីដើរចេញទៅ មិត្តម្នាក់បានដើរទៅធ្វើជាសុំសេច្ចក្តីស្នេហាជាមួយប្រពន្ធមិត្តភ័ក្តិ មួយសន្ទុះក្រោយមក ទើបបុរសជាប្តីបង្ហាញមុខ ធ្វើជាខឹងថា ប្រពន្ធខ្លួនលួចលាក់សាសងផ្តោះផ្តងជាមួយមិត្តខ្លួន ទើបប្រើហិង្សាទៅប្រពន្ធបណ្តាលអោយរបួសធ្ងន់ ។
ក្រោយពីការសម្តែងរួច នារីជាប្រពន្ធនៅមិនទាន់ដឹងពីល្បិចកល់របស់ប្តី ទើបខឹងចិត្តសុំផ្តាច់មនោសញ្ចេតនាលែងលះគ្នា ធ្វើអោយបុរសជាប្តីភ្ញាក់ខ្លួន សុំអង្វរប្រពន្ធថែមទាំងប្រាប់ថា ជាការសម្តែងល្ខោន ព្រោះតែស្រលាឡាញ់ខ្លាំងពេក ។ តែប្រពន្ធនៅតែមិនអនុគ្រោះឲ្យ ក៏នាំកូនចុះចេញទៅបាត់ ទុកឲ្យបុរសជាប្តីរស់នៅម្នាក់ឯង បានត្រឹមអង្គុយឱបដៃយំ ទឹកភ្នែកជូតក្បាលជង្គង់ ៕ សុខាសែនជ័យ