ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ខ្នងទំនប់កប់ស្រូវមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែឃើញមានពពុះទឹកហើរជា ច្រើនកន្លែង។ ដោយសារតែបញ្ហានេះទើបលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានបញ្ជាទាំងយប់ទៅមន្រ្តីជំនាញនៃក្រសួងឧស្សាហកម្ម និងសិប្បកម្មចុះទៅពិនិត្យដល់កន្លែងផ្ទាល់ដែលកើតមានពពុះហើរចេញមកលើផ្លូវ ហើយតាមដានរកប្រភពនៃការកើត មានករណីនេះក្រែងលោមានការបញ្ចេញកាកសំណល់កខ្វក់ពីរោងចក្រណាមួយនៅក្នុងតំបន់នោះ។
តាមមន្រ្តីជំនាញនៃវិទ្យាស្ថានស្តង់ដារកម្ពុជា និងមន្ត្រីមន្ទីរឧស្សាហកម្ម និងសិប្ប កម្មរាជធានីភ្នំពេញដែលបានចុះពិនិត្យជាក់ ស្តែងបានសន្និដ្ឋានជាជំហានដំបូងថា ពពុះ ដែលបានហើរនៅលើថ្នល់នោះបានកើតឡើងនៅទីតាំងបូមទឹកនៅឯទំនប់កប់ស្រូវ។ ដោយសារតែនៅរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យការបូមទឹកត្រូវដំណើរការ២៤ ម៉ោងលើ២៤ម៉ោង ដែលធ្វើឱ្យពពុះទឹកទាំង នោះបែកឡើងច្រើន ហើយនៅពេលមាន ខ្យល់បក់ខ្លាំងបណ្តាលឱ្យពពុះទឹកទាំងនោះហោះហើរមកលើផ្លូវថ្នល់ ។
មន្រ្តីជំនាញក៏បានយកទឹកដែលមាន ពពុះទាំងនោះទៅធ្វើតេស្តពិសោធន៍រក ផលប៉ះពាល់។ រហូតមកដល់វេលាម៉ោង៩ យប់ថ្ងៃទី១៥ ខែកញ្ញា ពពុះទឹកទាំងនោះ បានបែកក្រាបនៅនឹងទុយយោនិងលើផ្ទៃបឹងធម្មតាវិញពុំមានហើរនៅលើថ្នល់ទៀតទេ។ តែប្រសិនបើមានខ្យល់បក់ខ្លាំងពពុះទឹកអាចនឹងហើរមកលើថ្នល់ម្តងទៀតតាម ចរន្តទិសនៃខ្យល់បក់ ។
ទោះជាលទ្ធផលនៃការអង្កេតបឋម បានបង្ហាញថាពពុះទាំងនោះកើតចេញពីការបូមទឹកក្នុងទំហំច្រើនយ៉ាងណាក៏ដោយ ក៏លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានដាក់ បញ្ជាឱ្យមន្រ្តីជំនាញត្រូវបន្តតាមដានឲ្យ បានដិតដល់ពីបញ្ហានេះ ព្រោះពពុះដែលកើតមានឡើងក្នុងចំនួនច្រើនបែបនេះ អាចបណ្តាលមកពីករណីផ្សេង ឬអាចជា ករណីនៃការបង្ហូរកាកសំណល់ពីរោងចក្រណាមួយក្នុងតំបន់នោះ ហើយប្រសិនបើ រកឃើញថា ពពុះនោះកើតឡើងដោយការបំពុលពីប្រភពរោងចក្រណាមួយមន្រ្តីជំនាញត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធចាត់ វិធានការបន្ទាន់ដើម្បីជៀសស្ថានភាពកាន់តែធ្ងន់ធ្ងរ ។
គួរបញ្ជាក់ថា ជាញឹកញាប់មន្រ្តីជំនាញ ក្រសួងឧស្សហកម្ម និងសិប្បកម្មតែងតែចុះ ត្រួតពិនិត្យនិងណែនាំនៅតាមបណ្តារោងចក្រ សហគ្រាសនានាអនុវត្តឱ្យបានខ្ជាប់ ខ្ជួននូវបទដ្ឋានសុវត្ថិភាពនិងច្បាប់ផ្សេងៗទាក់ទងនឹងវិស័យឧស្សាហកម្មដើម្បីបង្ការផលប៉ះពាលអវិជ្ជមានណាមួយដែលបង្កដោយរោងចក្រសហគ្រាសនានា៕ហេង សូរិយា