ខេត្តក្រចេះ ៖ ផ្ទះឈើធំៗចំនួន២ខ្នងនៅក្នុងភូមិហាន់ជ័យទី៣ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានអគ្គិភ័យ ឆាបឆេះទាំងស្រុង កាលពីវេលាម៉ោង១ រសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ហើយ អាជ្ញាធរបានសន្និដ្ឋានជាជំហានដំបូងថាគ្រោះអគ្គិភ័យនេះផ្តើមចេញពីការទុស្សេចរន្ត អគ្គិសនី។
យ៉ាងណាក៏ដោយក្នុងហេតុការណ៍ជាអគ្គិភ័យនេះគឺមិនបណ្តាលឱ្យមានជនណាម្នាក់រងគ្រោះនៅក្នុងអំណាចអគ្គិភ័យនេះទេ ក្នុងនោះសម្ភារនៅក្នុងផ្ទះរួមនឹងផ្ទះឈើ២ខ្នងធំៗប្រក់ក្បឿងធ្វើអំពីឈើស្មើនឹង៦ ដំបូលត្រូវបានឆាបឆេះអស់ទាំងស្រុង។
នគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាន នគរបាលខេត្តក្រចេះបាននិយាយថា គ្រោះ អគ្គិភ័យនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីគ្រោះអគ្គិភ័យមួយបានកើតមាននៅស្រុកស្នួលបង្កឲ្យផ្ទះលក់បាយម្ហូបកុម្មង់មួយ កន្លែងនៅឃុំស្វាយជ្រះ ស្រុកស្នួលបានរង ការឆេះទាំងស្រុង។
មិនមានសេចក្តីរាយការណ៍ជាក់លាក់ណាមួយថា មូលហេតុដែលបង្កឲ្យមានគ្រោះអគ្គិភ័យនេះផ្តើមចេញពីមូលហេតុអ្វីនៅឡើយទេ។ តែបើតាមការបញ្ជាក់ពីអ្នកឃើញហេតុការនៅក្បែរនោះបានប្រាប់នគរ បាលថា មូលហេតុដែលផ្តើមឲ្យមានអគ្គិភ័យ នេះបណ្តាលពីទុស្សេចរន្តអគ្គិសនីពីព្រោះគេបានឃើញភ្លើងឆេះហុយ ចេញពីកាប៊ីនភ្លើងនៅខាងក្រោយផ្ទះហើយក៏បានឆេះ រាលដាលតែម្តង។
អធិការនគរបាលស្រុកឆ្លូងលោកវរសេនីយ៍ត្រី ឌួង សុទ្ធី បានឲ្យដឹងថា នគរបាល បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យមកពីអធិការដ្ឋាននគរបាល និងរថយន្តពន្លត់អគ្គិភ័យមកពីស្នងការដ្ឋាននគរបាលខេត្តចំនួន ៣គ្រឿង និងប្រើប្រាស់ទឹកអស់ជិត១០ឡាន ដើម្បីបាញ់ពន្លត់ទប់ស្កាត់មិនឲ្យមានការឆាប់ឆេះរាលដាល។ លោកអធិការបានអះ អាងថា ក្រៅពីផ្ទះឈើប្រក់ក្បឿងធំៗចំនួន២ខ្នងផ្ទះត្រូវបានឆាបឆេះក្នុងអំឡុងពេលជាង១ម៉ោងក្នុងនោះមិនបានបង្កឲ្យមាន ជនរងគ្រោះណាម្នាក់រងគ្រោះថ្នាក់ក្នុង ហេតុការណ៍នេះទេ។
មានការកត់សម្គាល់ឃើញថា ក្នុងអំឡុង ពេល២ថ្ងៃជាប់ៗគ្នានេះមានករណីគ្រោះ អគ្គិភ័យបានកើតឡើងចំនួន២ដងគួរឲ្យ ព្រួយបារម្ភ។ ក្នុងនោះកាលពីថ្ងៃទី១៥ ខែ កញ្ញា មានផ្ទះឈើលក់បាយមួយកន្លែង នៅឃុំស្វាយជ្រះ ស្រុកស្នួល បានរងការឆាប ឆេះបណ្តាលឲ្យខូចខាតទាំងស្រុងបង្កឲ្យខាតបង់សម្ភារអស់ជាច្រើន និងករណី ទី២បានកើតឡើងនៅភូមិហាន់ជ័យ ទី៣ ឃុំហាន់ជ័យ ស្រុកឆ្លូង នៅថ្ងៃទី១៦ ខែ កញ្ញា បង្កឲ្យផ្ទះឈើ២ខ្នងធំៗត្រូវរងការឆេះ ខូចខាតទាំងស្រុងដូចគ្នា។
ជាមួយគ្នានោះអាជ្ញាធរមិនទាន់បានចុះវាយតម្លៃ ចំពោះការខូចខាតផ្ទះពលរដ្ឋដែលរងគ្រោះដោយសារអំណាចអគ្គិភ័យទាំងពីរករណីនេះនៅឡើយទេ។ ចំណែក ពលរដ្ឋរងគ្រោះកំពុងរង់ចាំជំនួយពីអាជ្ញា ធរ៕ កោះទ្រុង