ខេត្តពោធិ៍សាត់ ៖ សេចក្ដីរាយការណ៍មុននេះបន្ដិច ព្រឹកថ្ងៃពុធ ១រោច ខែជេស្ទ ឆ្នាំម្សាញ់ សប្គស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា យ៉ាងហោចណាស់រថយន្តខ្នាតយក្ស ប្រភេទយីឌុប(ភ្លៅ០៦)កង់ចំនួន២២គ្រាប់ មានផ្ទុកផលអនុផលព្រៃឈើពេញហៀរត្រូវបានសមត្ថកិច្ចបង្រ្កាប ដែលករណីនេះគេសង្ស័យថាអាចបណ្ដាលមកពីទំនាស់ផលប្រយោជន៍ កូនចៅក្បត់មេ ។
សេចក្ដីរាយការណ៍បង្ហើបទៀតថា វត្ថុតាងរថយន្តខ្នាតយក្សមានផ្ទុកផលអនុផលព្រៃឈើជាក់ស្ដែងខាងលើ ត្រូវបានរក្សាទុកជាបណ្ដោះអាសន្ននៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដើម្បីរង់ចាំអនុវត្តតាមនីតិវិធី ។
ប្រភពរាយការណ៍បញ្ជាក់ថា បច្ចុប្បន្ន វត្ថុតាងរថយន្តមានផ្ទុកផលអនុផលព្រៃឈើពេញហៀរនេះ គេពុំទាន់ដឹងអំពីការបន្តនីតិវិធីនៅពេលណា ឬចំនួនផលអនុផលព្រៃឈើប៉ុន្មាននៅឡើយទេ ហើយត្រូវធ្វើការផាកពិន័យយ៉ាងណានោះដែរ ។ សូមបញ្ជាក់ថា រថយន្តខ្នាតយក្សមានផ្ទុកផលអនុផលព្រៃឈើពេញហៀរនេះ ដឹកចេញពីស្រុកវាលវែង ខេត្តពោធិ៍សាត់ អាចមានខ្នងបង្អែកធំឬយ៉ាងណានោះទេ ទើបឆ្នងកាត់ប៉ុស្ដិ៍សមត្ថកិច្ចដែលចាំយកលុយជាច្រើនកន្លែងបានបែបនេះ ជាពិសេសជាដែនសមត្ថកិច្ចលោក ប៉ុល ចន្ថា នាយផ្នែករដ្ឋបាលព្រៃឈើវាលវែង សូមរង់ចាំតាមដានព័ត៌មានលម្អិត ៕
ដោយ៖ ប៉ឹម ពិន