ប៉ោយប៉ែតៈ រថយន្តហៃឡិនឌ័រមួយគ្រឿងទើបតែទិញបាន១៨ថ្ងៃ ខណៈដឹកប្រពន្ធ និងកូនទៅវត្ត ឆ្លងចរន្តបណ្ដាលឲ្យឆេះ ផ្នែកខាងមុខបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុកជួយពន្លត់ កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវលំ ឋិតក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ម្ចាស់រថយន្តត្រូវគេស្គាល់ឈ្មោះ ម៉ា សុវ៉ាត ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅក្នុងភូមិសាមគ្កីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមការរៀបរាប់ពីម្ចាស់រថយន្តខាងលើឲ្យដឹងថារថយន្តរបស់គាត់ ពាក់ស្លាកលេខភ្នំពេញ 2X.3350 ពណ៌ស្ករ ចង្កូតឆ្វេង ហើយរថយន្តរបស់គាត់បានទិញពីភ្នំពេញមកបានរយៈពេល១៨ថ្ងៃ ដោយរាប់ទាំងថ្ងៃកើតហេតុ ។
ប្រភពឍបន្តថា មុនកើតហេតុ គាត់ជាម្ចាស់បានយករថយន្តទៅឲ្យជាងឈ្មោះឌីនៅ ខាងកើតស្រីសួគ៌ជួសជុល (តប្រព័ន្ធខ្សែភ្លើងផ្នែកអំពូល ដោយគាត់ជាម្ចាស់មិនបាននៅមើលឡើយ) ក្រោយពីការជួសជុលបានរយៈពេលពីរថ្ងៃ គាត់បានដឹកប្រពន្ធកូនទៅវត្តទំនប់ក៥ លុះធ្វើដំណើរមិនទាន់ដល់វត្តផង ក៏មានផ្សែងហុយឡើង រួចបង្កើតជាអណ្ដាតភ្លើងតែម្ដង គ្រានោះ រូបលោក រួមទាំងប្រពន្ធកូន និងម្ដាយផងនោះ បានបើកទ្វាររត់ចេញមកក្រៅ តែសំណាងល្អ ទ្វាររថយន្តនៅបើកបាន ភ្លាមនោះ លោកបានស្រែកហៅអ្នកស្រុកជួយពន្លត់ទាន់ ឆេះខូចខាតតែផ្នែកកាប៊ិនមុខតែប៉ុណ្ណោះ ។
សមត្ថកិច្ចប្រាប់ថា រថយន្តខាងលើនេះ ត្រូវប្រគល់ឲ្យម្ចាស់របស់គេវិញ ដោយយោងទៅតាមការជាក់ស្ដែងមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ចំណែកម្ចាស់រថយន្ត ក្រោយពីអ្នកស្រុកជួយពន្លត់រួចរាល់បានហៅរថយន្តស្ទូច មកស្ទូចរថយន្តរបស់លោកយកទៅជួសជុលដោយខ្លួនឯង ។
អ្នកស្រុកបានលើកឡើងថា ករណីឆេះរថយន្តខាងលើនេះ គីបណ្ដាលមកពីជាងឈ្មោះ ឌី គ្មានបច្ចេកទេសគ្រប់គ្រាន់នឹងការជួសជុលរថយន្តធ្វើការឲ្យរួចតែពីដៃ ទើបបណ្ដាលឲ្យឆ្លងចរន្តឆេះរថយន្តរបស់គេបែបនេះ ហើយនេះគ្រាន់តែឆេះរថយន្ត ចុះបើមានករណីស្លាប់ម្ចាស់រថយន្ត តើជាងជួសជុលរថយន្តឈ្មោះឌី ទទួលខុសត្រូវបែបណា? ៕ វណ្ណា