អុីរ៉ង់បានព្រមានថា ខ្លួនអាចនឹងវាយប្រហារមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកាតារ និងតំបន់ឈូងសមុទ្រ ប្រសិនបើសង្ស័យថាមានការវាយប្រហារគំរាមកំហែងដល់សន្តិសុខនៃមជ្ឈិមបូព៌ា។
កាសែត Washington Post បានផ្សាយនៅថ្ងៃទី 20 ខែមិថុនាថា មន្ត្រីអុីរ៉ង់បានព្រមានកាតារក្នុងសប្តាហ៍នេះថា មូលដ្ឋានយោធាអាមេរិកនៅឈូងសមុទ្រអាចត្រូវបានកំណត់គោលដៅដោយទីក្រុងតេអេរ៉ង់ ប្រសិនបើអុីរ៉ង់សង្ស័យថាត្រូវបានវាយប្រហារដោយទីក្រុងវ៉ាស៊ីនតោន។
កាសែតនេះបានដកស្រង់សម្តីមន្ត្រីអឺរ៉ុបដែលថា ស្ថានទូតអាមេរិក និងបរិវេណការទូតក្នុងតំបន់ក៏អាចជាគោលដៅរបស់អុីរ៉ង់ផងដែរ។ លើសពីនេះ ក្រុមប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយអុីរ៉ង់ ត្រូវបានគេជឿថា អាចគំរាមកំហែងបុគ្គលិកនិងផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។
ក្រោយការគំរាមកំហែង អាមេរិកបានជម្លៀសយន្តហោះយោធានៅមូលដ្ឋានក្នុងប្រទេសកាតារ ដើម្បីបញ្ចៀសការវាយប្រហារតាមអាកាសរបស់អុីរ៉ង់ ។ នេះជាវិធានការដែលអាចធ្វើទៅបានដើម្បីការពារយន្តហោះពីការវាយប្រហារតាមអាកាសរបស់អុីរ៉ង់ ខណៈដែលក្រុងវ៉ាស៊ីនតោនថ្លឹងថ្លែងថា តើគួរធ្វើអន្តរាគមន៍ក្នុងជម្លោះរបស់ទីក្រុងតេអេរ៉ង់ជាមួយអុីស្រាអែលដែរឬទេ។
យោងតាមរូបភាពដែលចេញផ្សាយដោយ Planet Labs PBC ចាប់ពីថ្ងៃទី 5-19 ខែមិថុនា វាស្ទើរតែមិនអាចទៅរួចទេក្នុងការសង្កេតមើលយន្តហោះអាមេរិកទាំងអស់នៅឯមូលដ្ឋាន Al Udeid ក្នុងប្រទេសកាតារ៕
ដោយ៖ ធីរីណា(រូបថត៖ TTXVN)