ភ្នំពេញ ៖ ទីបំផុតអ្នកប្រដាល់២នាក់ បន្ថែមទៀតបានជាប់ក្នុងបញ្ជីឈ្មោះកីឡាករ៨នាក់ត្រូវឡើងទៅប្រកួតនៅវគ្គបន្ត ក្រោយពេលធ្វើការប្រកួតជម្រុះអស់រយៈពេល១២សប្តាហ៍នៅក្នុងចំណោមកីឡាករ៣២នាក់ដែលបានចម្រាញ់មកពីក្លិបនានា ។
អ្នកគ្រប់គ្រងកម្មវិធីកីឡាប្រដាល់របស់សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥បានបញ្ជាក់ថា សម្រាប់ការប្រកួតកំពូលអ្នកប្រដាល់
ជើងឯក TV5 Boxing Knock Out ទម្ងន់ ៥៤គីឡូក្រាម កីឡាករដែលបានបញ្ចប់ បេសកកម្មរបស់ខ្លួនក្នុងដំណាក់កាលទី២ដែលជម្រុះបាន៨នាក់ចុងក្រោយត្រូវប្រកួតបន្តទៀត ដើម្បីរកឲ្យឃើញ៤នាក់សម្រាប់ឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
កីឡាករ លីន វិបុល មកពីក្លិបបុរីរាជសីហ៍ មានប្ញទ្ធិ និងកីឡាករ ប៊ុន សុធា មកបីក្លិប កងពលធំអន្តរាគមន៍លេខ២បន្ទាប់ពីពួកគេបានវាយឈ្នះដៃគូប្រកួតរៀងៗខ្លួនមកបានឡើងទៅវគ្គ៨នាក់ចុងក្រោយដើម្បី ប្រកួតឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រនាពេលខាងមុខនេះ ។
គួរបញ្ជាក់ថា វត្តមានកីឡាករ៨នាក់ ចុងក្រោយមានដូចជាកីឡាករ ឈុន បញ្ញ, ម៉ន វ៉ាន្នី, មាឃ សុវណ្ណារ៉ា,នឹម នន,ឆន ចាន្នី និង កីឡាករ សៀង ទិតធិ ៕ សារីម