ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូមិត្តភក្តិទៅសម្ភាស បែរបាត់រហូត៦ថ្ងៃ ប្រទះឃើញប្តឹងនគរបាលចាប់ដាក់ខ្នោះ

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆបោកម៉ូតូពីមិត្តភក្តិយកទៅបញ្ចាំរួចគេចខ្លួនបានពេល០៦ថ្ងៃ ។

ការឃាត់ខ្លួននេះ នៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ផ្ទះជួល ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យមានឈ្មោះ ផេង លីឡូ ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ផ្ទះជួល ភូមិចុងថ្នល់ខាងលិចសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិព្រែកសំរោង ឃុំខ្សាច់អណ្តែត ស្រុកឆ្លូងខេត្តក្រចេះ ។

ចំណែកដើមបណ្តឹងមានឈ្មោះ ហ៑ួន សុខហៀង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្រូបង្រៀនស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើតភូមិខ្វាវ ឃុំខ្វាវស្រុកសំរោង ខេត្តតាកែវ ។

ប្រភពពីដើមបណ្តឹងបានប្រាប់សមត្ថកិច្ចថា កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ជនសង្ស័យបានខ្ចីម៉ូតូខ្លួន១គ្រឿងម៉ាក ឌ្រឹមសេ ១២៥ ពណ៌ខ្មៅ សេរី ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FG-9504
ពីប្អូនប្រុសរបស់គាត់ ឈ្មោះ ហ៑ួន សុធា ដែលជាមិត្តភក្តិជាមួយជនសង្ស័យ ដោយប្រាប់ថា ទៅសម្ភាសការងារ ក្រោយពីបានម៉ូតូដល់ដៃហើយជនសង្ស័យបានយកម៉ូតូនោះទៅបញ្ចាំនៅម្តុំឃ្លាំងរំសេវបានលុយចំនួន៤៥០ដុល្លារ ហើយគេចខ្លួនរហូត ។លុះដល់រសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះបានប្រទេះឃើញជនសង្ស័យនៅផ្ទះជួល ក៏ប្តឹងសមត្ថកិច្ចមូលដ្ឋានអោយចុះឃាត់ខ្លួនយកមកធ្វើការសាកកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆបោកយកម៉ូតូរបស់មិត្តភក្តិពិតប្រាកដមែន ដោយខ្លួនបានយកទៅបញ្ចាំនៅម្តុំឃ្លាំងរំសេវបានលុយចំនួន៤៥០ដុល្លារ
ក្រោយពីបានលុយហើយ ខ្លួនបានយកទៅចាក់ភ្នាល់បាល់នៅ ណែត ២៤ម៉ោង ម្តុំផ្លូវទេពផន និងចាញ់អស់ហើយ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសុំរឿងបញ្ចូលទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕ តុង សីហា

 

3 2 1


ចែករំលែក៖