ខេត្តកណ្តាលៈ បុរសម្នាក់ជាជាងតភ្ជាប់ខ្សែកាបិ៍្លក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន ត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ពីលើបង្គោលភ្លើងស្លាប់យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង៩ និង២០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចបង្គោលភ្លើងលេខ៣៨០ តាមបណ្តោយផ្លូវជាតិលខ២១បេ ស្ថិតក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុយ ណាត ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងតបណ្តាញខ្សែកាបិ៍ទូរស័ព្ទក្រុមហ៊ុនមិត្តហ្វូន មានទីលំនៅភូមិ កណ្តាល ឃុំ ច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះនិងមិត្តភ័ក្ត្រមានគ្នា៤នាក់ទៀតប្រើប្រាស់មធ្យោបាយរថយន្ត០១គ្រឿងម៉ាកកាម៉ារី សេរី៨៧ ពណ៌ស ពាក់ផ្លាកលេខ ច.៥៧៣៣ ភព២ ដើម្បីនាំគ្នាម៉ៅការតបណ្តាញខ្សែកាបិ៍ពីក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន ក្នុង០១គីឡូម៉ែត្រតម្លៃ៥០ដុល្លារ ពីបង្គោលអង្គតែនក្រុមហ៊ុនទូរស័ព្ទមិត្តហ្វូន ស្ថិតនៅផ្សារកោះធំ ក្នុងភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុុកកោះធំ រហូតដល់ចំណុចភូមិព្រែកចាម ឃុំព្រែកថ្មី ស្រុុកកោះធំ ខេត្តកណ្តាល។
ប្រភពដដែលបន្តទៀតថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង០៧:០០នាទីព្រឹក ជនរងគ្រោះ និងក្រុមការងារបាននាំគ្នាអូសខ្សែកាបិ៍ ពីចំណុចស្ពានព្រែកធន់(លេខ៥៣) ភូមិព្រែកធន់ ឃុំព្រែកថ្មី ទៅចំណុចគល់ស្ពានព្រែកចាម ក្នុងភូមិចាមក្រោម ឃុំព្រែកថ្មី ពេលនោះជនរងគ្រោះ និងមិត្តភក្តិបានអូសខ្សែកាបនិងឡើងតបណ្តាញឆ្លាសគ្នាក្នុង១បង្គោលម្នាក់ ។ ពេលតបានចំនួន៤បង្គោល ជនរងគ្រោះបានឡើងតខ្សែកាបិ៍តែម្នាក់ឯងលើបង្គោលទី៥(បង្គោល៣៨០) រីឯមិត្តភក្តិនាំគ្នាអូសខ្សែកាបិ៍មុខ-ក្រោយ មិនបាននៅក្បែរជនរងគ្រោះនោះទេ ។ ពេលជនរងគ្រោះ កំពុងតខ្សែកាបិ៍លើបង្គោលភ្លើង ស្រាប់តែឆ្លងចរន្តឆក់លើកន្លាក់ដៃខាងឆ្វេងធ្លាក់ពីលើបង្គោលស្លាប់តែម្តង។
ក្រោយពីបានទទួលពត៌មានផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ បានចុះទៅដល់ កន្លែងកេីតហេតុ រួចបានបង្កើតគណៈកម្មការ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ ផ្នែកជំនាញ នឹងក្រុមគ្រួុសារ ជនរងគ្រោះដេីម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ។
សមត្ថកិច្ចនិងគ្រូពេទ្យរកឃើញថាៈ ដៃផ្នែកខាងឆ្វេង លើកន្លាក់ដៃខាងឆ្វេងមានស្នាមឆេះខ្មៅកាត់ទទឹងប្រវែង០៣ស.ម ទំហំទទឹង០២ម.ម លើកំភួនដៃផ្នែកខាងមុខមានស្នាមអុចខ្មៅឆេះចំនួនពីរកន្លែងទំហំប៉ុនប៉ុនជើងធូប ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទៀតឡើយ ។ក្រោយការពិនិត្យរួច សមត្ថកិច្ចបានប្រគល់ សាកសពជូនក្រុមគ្រួសារ នឹងក្រុមការងារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ