ខេត្តកណ្តាលៈ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៦ លោក លី ចាណា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ នៅក្នុងខេត្តកណ្តាល ។
លោក ជុន ប៉េងឡុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានជម្រាបជូនក្រុមការងារថា បច្ចុប្បន្នការងារបង្កបង្កើនផលស្រូវវស្សានៅទូទាំងខេត្តកណ្តាល គឺពុំមានបញ្ហាខ្វះទឹកនោះទេ ។ បើទោះបីនាពេលកន្លងមក ភ្លៀងធ្លាក់មានភាពរអាក់រអួលខ្លះ និងមិនបានរាយប៉ាយស្មើល្អ ប៉ុន្តែតាមរយៈការផ្គត់ផ្គង់ទឹកដោយហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រនានា បានធ្វើឱ្យការងារបង្កបង្កើនផលស្រូវវស្សារបស់បងប្អូនប្រជាកសិករ ប្រព្រឹត្តិទៅបានយ៉ាងរលូន ហើយមកដល់ពេលនេះ ផ្ទៃដីមួយចំនួនក៏ត្រូវបានប្រមូលផលរួចរាល់ផងដែរ ដោយទទួលបានទិន្នផលយ៉ាងល្អប្រសើរ ។
នៅរដូវវស្សាឆ្នាំ ២០១៦ នេះ ខេត្តកណ្តាលមានផែនការផលិតស្រូវលើផ្ទៃដី ចំនួន ៣៥.៩០០ ហិកតា ។
តាមតួលេខក្រៅផ្លូវការ គិតមកត្រឹមថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៦ នេះ ការអនុវត្តការងារបង្កបង្កើនផលស្រូវវស្សានៅទូទាំងខេត្តកណ្តាល សម្រេចបានលើផ្ទៃដីប្រមាណ ៣២.០០០ ហិកតា ក្នុងនោះប្រមូលផលរួចរាល់បានប្រមាណ ៨.៨០០ ហិកតា ហើយ ។
ទន្ទឹមនឹងស្ថានភាពអាកាសធាតុកំពុងអំណោយផលល្អ ហើយទឹកនៅតាមបណ្តាហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រនានា ក៏មានគ្រប់គ្រាន់ លោកអនុរដ្ឋលេខាធិការ បានណែនាំដល់មន្ទីរឱ្យបន្តយកចិត្តទុកដាក់ ជំរុញនូវការអនុវត្តការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ធ្វើយ៉ាងណាឱ្យសម្រេចបានទៅតាមផែនការកំណត់ ៕ ហេង សូរិយា