រថយន្តរបស់ក្រុមប្រតិភូដឹកជំនួយសង្គ្រោះបន្ទាន់ បានទទួលរងគ្រោះនៅក្នុងការវាយប្រហារពីលើដែនអាកាស ស្ថិតនៅជិតទីក្រុងអាឡែប៉ូ ប្រទេសស៊ីរី ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកម្លាំងទាហានបានប្រកាសថា កិច្ចព្រមព្រៀងឈប់បាញ់ត្រូវចូលដល់ពេលបញ្ចប់ហើយនោះ ។
សេចក្តីរាយការណ៍មិនបញ្ចេញឈ្មោះបញ្ជាក់ថា មនុស្ស១២នាក់បានបាត់បង់ជីវិត ក្នុងការវាយប្រហារនៅជិតទីប្រជុំជន Urm al-Kubra ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិមួយរូបបានថ្លែងថា យ៉ាងហោចណាស់រថយន្តពី១៨គ្រឿងទៅ៣១គ្រឿងបានទទួលរងគ្រោះដោយការវាយប្រហារ ។ តែទោះយ៉ាងណា ប្រភពមិនបានបញ្ជាក់ថា ជាការវាយប្រហារពីដែនអាកាស ឬបែបណាឡើយ ។
ប្រេសិទពិសេសអង្គការសហប្រជាជាតិរបស់ស៊ីរី លោក Staffan de Mistura បានថ្លែងថា វាជាទង្វើមួយ គួរឲ្យខឹងខ្លាំងណាស់ ។ ក្នុងសេចក្តីថ្លែងការណ៍ លោកបានបញ្ជាក់ថា ប្រតិភូដឹកជំនួយគឺត្រូវបានស្វាគមន៍ និងការអនុញ្ញាតដើម្បីជួយដល់ពលរដ្ឋដែលរស់នៅតំបន់សាច់ស្រយាល់ ដោយដឹកជំនួយទៅកាន់តំបន់នោះ ។
ក្រុមអឌ្ឍចន្ទក្រហមស៊ីរីបានអះអាងថា គណៈប្រតិភូផ្តល់ជំនួយបានចែកចាយជំនួយពីទីក្រុងអាឡែប៉ូ រហូតទៅដល់តំបន់គ្រប់គ្រងដោយឧទ្ទាមដាច់ស្រយាល ។ រូបភាពថតបានផ្សព្វផ្សាយឲ្យឃើញថា រថយន្តដឹកជំនួយ ត្រូវរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ ។
ក្រុមសកម្មជនសង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបានថ្លែងថា មនុស្ស១២នាក់ ដែលជាបុគ្គលិកផ្តល់ជំនួយមនុស្សធម៌ និងអ្នកបើកបររថយន្តដឹកជំនួយបានបាត់បង់ជីវិត ដោយសារតែការបាញ់ប្រហារពីយន្តហោះចម្បាំងរុស្ស៊ី ឬកម្លាំងរដ្ឋាភិបាលស៊ីរី ។
រដ្ឋាភិបាលស៊ីរីមិនទាន់បកស្រាយបែបណានៅឡើយទេ ៕ ថាច់ យ៉ាត