ភ្នំពេញ៖ ល្បែងស៊ីសងគ្រប់ប្រភេទត្រូវបានគេនិយមលេងភ្នាល់តាមប្រព័ន្ធ On-line វិញក្នុង គោលបំណងបំភ័ណ្ឌភ្នែកសមត្ថកិច្ច។
ការលេងល្បែងតាមប្រព័ន្ធអ៊ិនធើណែត មានដូចជាការលេងភ្នាល់បាល់ កន្ទុយលេខជាដើម ។ ដោយមានការលេងភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធទំនើបOn-lineនេះទៀតសោត ភាគច្រើនជាក្រុមក្មេងជំទង់ ជាក្រុមញៀនល្បែងភ្នាល់ ខណៈដែលរដូវបាល់ទាត់កំពុងមានការប្រកួតយ៉ាងកក្រើក ។
បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញគេសង្កេតឃើញកើតមានសកម្មភាពលួច ឆក់ ប្លន់គួរ ឲ្យកត់សម្គាល់ផងដែរ។ ដោយឡែកទីតាំង2888NET Internet24h ស្ថិតចំណុចច្រមុះជ្រូកស្ទឹងមានជ័យ ភូមឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យក៏ជាទីតាំងភ្នាល់ល្បែងស៊ីសង តាមប្រព័ន្ធអ៊ិនធើណែត ពង្វក់ក្មេង យុវជន យុវតី គេចសាលាមិនបានចូលរៀនដែលអាជ្ញាធរមូលដ្ឋានហាក់បីដូចជាមើលរំលង។
ប្រភពពីអ្នករត់ម៉ូតូឌុបនៅទីនោះបានឲ្យដឹងថា គាត់មិនបានដឹងថានៅខាងក្នុងគេបើកលេងអ្វីនោះទេ ពីព្រោះសូម្បីតែឈប់នៅមុខហាងគេក៏មិនបានដែរ។ តែគាត់បានឃើញមនុស្សដើរចេញដើរចូលទាំងហ្វូងមួយយប់ទល់ភ្លឺ ជាពិសេសយុវជន ហើយឃើញម៉ូតូជិះចេញជិះចូលតែគាត់មិនដឹងថាគេចូលលេងអ្វីនោះទេ។
ដោយឡែកមន្ត្រីសាលាខណ្ឌម្នាក់បានបង្ហើបថា ទីតាំងខាងលើនេះត្រូវបានរាយការណ៍ទៅអភិបាលខណ្ឌ ហើយដើម្បីសុំគោលការណ៍។
ប្រជាពលរដ្ឋជិតខាងបាននិយាយថា មួយយប់ៗម៉ូតូក្មេងទំនើងជិះចេញជិះចូលស្វេចស្វាញគួរឲ្យបារម្មណ៍បំផុត៕ តាឡឹម