សកម្មភាពបទល្មើសដឹកជញ្ជូនឈើនៅខេត្តមណ្ឌលគិរី ត្រូវបានចលាចល និងផ្អើលយ៉ាងប្រសេកប្រសាច ដល់ក្រុមឈ្មួញ និងសមត្ថកិច្ចពាក់ព័ន្ធ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើ បានទៅដល់ទឹកដីខេត្តមណ្ឌលគិរី នាពេលថ្មីៗកន្លងទៅនេះ ។
ការដឹកជញ្ជូនឈើទៅវៀតណាម តាមច្រកដាក់ដាំ ត្រូវបានឈ្មួញដឹកជញ្ជូនជារៀងរាល់ថ្ងៃ ចាប់តាំងពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ទើបនឹងបានបញ្ឈប់សកម្មភាពនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ដោយសារក្រុមឈ្មួញទាំងនោះទទួលព័ត៌មានពីសមត្ថកិច្ចពាក់ព័ន្ធថា សមត្ថកិច្ចត្រូវបានចុះបង្ក្រាបរាល់សកម្មភាពដឹកជញ្ជូនឈើល្មើសច្បាប់ទាំងនោះ ។
ការចេញឈើទៅវៀតណាមតាមច្រកដាក់ដាំ ត្រូវបានឈ្មួញ និងសមត្ថកិច្ចនៅខេត្តមណ្ឌលគិរីទម្លាយថា លោក វង់ សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី គឺជាមេខ្លោងនៃបទល្មើសនេះ ខណៈគាត់មានតួនាទីជាអ្នកបង្ក្រាប ទប់ស្កាត់បទល្មើសទាំងនេះ ហើយមន្ត្រីរបស់គាត់ និងបុគ្គលគាត់ផ្ទាល់ បានពាក់ព័ន្ធការទទួលផលប្រយោជន៍ រាល់ការដឹកជញ្ជូនឈើល្មើសច្បាប់ ទាំងនៅក្នុងស្រុកកែវសីមា ស្រុកអូររាំង ដូចជាសកម្មភាពចេញឈើយ៉ាងសស្រាក់សស្រាំ នៅក្នុងច្រកទ្វេភាគីដាក់ដាំ ។
សកម្មភាពដឹកជញ្ជូនឈើត្រូវបានផ្អាកជាបណ្តោះអាសន្នកាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីឈ្មួញទទួលព័ត៌មានពីសមត្ថកិច្ចពាក់ព័ន្ធ ធ្លាប់ទទួលផលប្រយោជន៍ ដឹងថា សមត្ថកិច្ចកំពុងចុះបង្ក្រាប ក្នុងនោះផងដែរ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក វង់ សុខសេរី បានបោះដៃ ឲ្យឈ្មួញដែលគាត់ទទួលផលប្រយោជន៍ និងសមត្ថកិច្ចពាក់ព័ន្ធជាដៃជើងរបស់គាត់ ធ្វើយ៉ាងណា ត្រូវផ្អាកសកម្មភាព ដឹកជញ្ជូនឈើយកមកស្តុកទុក ការដឹកជញ្ជូនឈើទៅកាន់ច្រកព្រំដែន ដើម្បីចៀសផុតពីការទទួលខុសត្រូវ តាមមាត្រា ១០០ និងមាត្រា១០១ នៃច្បាប់ព្រៃឈើ ។
លោកវង់ សុខសេរី កាលពីព្រឹកម្សិលមិញ បានធ្វើកម្មវិធីជប់លៀងអបអរខ្លួនឯង ជាមួយនឹងការភ័យផង ជាកម្មវិធី ផឹកស៊ី ដើម្បីស្វែងរកប្រភពជាមធ្យោបាយ ចៀសផុតពីការទទួលខុសត្រូវភារកិច្ច តួនាទី ដែលខ្លួនកំពុងប្រព្រឹត្តអំពើពុករលួយ ទទួលប្រយោជន៍ពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ។
ឈ្មួញឈើធំៗនៅក្នុងទឹកដីខេត្តមណ្ឌលគិរី ភាគច្រើនជាអ្នកផ្តល់សេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់នាយខណ្ឌរដ្ឋបាលព្រៃឈើ លោក វង់ សុខសេរី ជាក់ស្តែងកាលពីថ្ងៃម្សិលមិញ ទាំងឈ្មួញ និងសមត្ថកិច្ច បានរួមកម្មវិធីផឹកស៊ីជាមួយនឹងលោកវង់ សុខសេរី ធ្វើយ៉ាងណា សហការគ្នា ទប់ស្កាត់ការបែកធ្លាយព័ត៌មានអំពើពុករលួយ បន្ទាប់ពីក្រុមសមត្ថកិច្ចចុះមកកាន់ទឹកដីខេត្តមណ្ឌលគិរី ៕