ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសស្រី២នាក់ បានលង់ទឹកអូសស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីក្មេងរងគ្រោះទាំងនេះបាននាំគ្នាមកលេងទឹកអូរខាងក្រោយវត្តខ្សាម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ នៅខាងក្រោយវត្តខ្សាម ស្ថិតសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះម្នាក់ឈ្មោះ លឹម សុគន្ធា ភេទប្រុស អាយុ៧ឆ្នាំ រស់នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ និង ម្នាក់ទៀតឈ្មោះ គឹម ពិសី ភេទស្រី អាយុ៧ឆ្នាំ រស់នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានក្មេងជាច្រើននាក់ បាននំាំគ្នាមកលេងទឹអូខាងក្រោយវត្តខ្សាម ក្នុងពេលដែលកំពុងលេង ស្រាប់តែមានក្មេងម្នាក់លង់ ហើយក្មេងម្នាក់ទៀតបានហក់ជួយគ្នា បណ្តាលអោយលង់ស្លាប់ទាំងពីរនាក់តែម្តង ក្រោយពេលកើតហេតុភ្លាមៗប្រជាពលរដ្ឋនៅទីនោះបានចុះមកជួយរក ដែលតែរកអត់ឃើញ រហូតដល់ជាងកន្លះម៉ោងទើបអាចរកសាកសពក្មេងនោះឃើញ ។
ក្រោយពេលកើតហេតុ បានរាយការណ៍ទៅសមត្ថកិច្ចចុះមកជួយរក និង ពិនិត្យសាកសពទាំងអស់គ្នា ហើយបានសន្និដា្ឋនថា ក្មេងទាំងពីរនាក់នេះពិតជាស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន រួចបានប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ចន្ថា