ភ្នំពេញៈ នារីម្នាក់ជិះកង់ទើបនឹងមកពីរៀន ត្រូវជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាតាបដាក់កុំព្យុទ័រ និងកាបូបលុយបានសម្រេចហើយជិះរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវមុនីរ៉េត គល់ស្ពានអាកាសស្ទឹងមានជ័យស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ពិសី អាយុ២២ឆ្នាំ ស្នាក់នៅម្ដុំគល់ស្ពានអាកាសស្ទឹងមានជ័យស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពពត៌មានពីនារីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុរូបខ្លួនចេញរៀនហើយបានជិះកង់មកផ្ទះតាមបណ្តោយផ្លូវមុនីរ៉េតក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ មិនចាំស្លាកលេខ បានមកធ្វើសកម្មភាពឆក់កាតាបដាក់កុំព្យុទ័រ និងកាបូបលុយ ហើយជិះយកម៉ូតូរត់គេចខ្លួនបានស្រមោលដោយសុវត្ថិភាព ។
ក្រោយពេលកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទំនប់ទឹកដើម្បីស្រាវជ្រាវរកក្រុមចោរទាំងអស់នោះ ៕ ស រស្មី